ភ្នំពេញ៖ 

បុរសម្នាក់ បានបើករថយន្តម៉ាក Toyota Prius មួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតចូលគន្លងផ្លូវជ្រុលទៅបុកចំពីមុខរថយន្តដឹកជ្រូក បើកទិសដៅ  បញ្រ្ចាសគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្ត Toyota Prius ប៉ើងខ្ទាតទៅចិញ្ចឹមផ្លូវធ្វើឲ្យតៃកុងរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៨:៣០នាទី យប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវជាតិលេខ៤ ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញរថយន្តធុនធំដឹកជ្រូកមួយគ្រឿងពាក់ស្លាកលេខស្វាយរៀង3A-0537 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៤ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនមធ្យម។

លុះពេលបើកមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានរថយន្តមួយ គ្រឿងទៀតម៉ាក Toyota Prius ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BL-2695 បើកបរដោយបុរសម្នាក់ធ្វើដំណើរទិសដៅបញ្ច្រាសគ្នាពីកើតទៅលិចក្នុងល្បឿនលឿន។

លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតមកខាងឆ្វេងដៃចូលគន្លងផ្លូវជ្រុលទៅបុករថយន្តធុនធំដឹកជ្រូកចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យ រថយន្ត Toyota Prius ប៉ើងខ្ទាតទៅចិញ្ចឹមផ្លូវធ្វើឲ្យតៃកុងរងរបួសត្រង់ក្បាលធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ។ ចំណែកឯតៃកុងរថយន្តធុនធំ បានគេចខ្លួនពីកន្លែងកើតហេតុ បាត់ស្រមោល។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើ ការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕