ភ្នំពេញ៖

បុរសម្នាក់ទំនងជាស្រាស្រា បានបើករថយន្ដ ម៉ាកTOYOTA Prius មួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ក៏រ៉េចង្កូតជ្រុលទៅបុករះរទេះលក់មីឆា រួចបន្តទៅបុកម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យមនុស្សប្រុសស្រីចំនួន៦នាក់ រងរបួសធ្ងន់ស្រាលបញ្ជូនដឹកទៅមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង 10:30 នាទីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវ ៥៨P ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាក TOYOTA Prius ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AZ4139 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៨Pទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹងស្រា។

លុះពេលបើកមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់រ៉េចង្កូតជ្រុលទៅបុករះរទេះលក់មីឆា ធ្លាក់សម្ភារៈរាយប៉ាយពេញផ្លូវ រួចបន្តទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1MB-4579 ដែលធ្វើដំណើរនៅពីមុខ រងការខូចខាតនិងបណ្តាលឲ្យមនុស្សប្រុសស្រីចំនួន៦នាក់ រងរបួសធ្ងន់ស្រាលបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។ ចំណែកអ្នកបើករថយន្តបង្ក ត្រូវសមត្ថកិច្ចឃាត់ខ្លួន។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្តោះអាសន្នរង់ចាំការដោះស្រាយគ្នានៅពេល ក្រោយ៕