ទីបំផុតបុគ្គលដែលបើករថយន្តយកសម្រាមមកបោះចោល នៅចិញ្ចើមផ្លូវជាតិលេខ 6 ស្រុកមុខកំពូល បានចូលខ្លួនមកទទួលកំហុសហើយ!
កណ្តាល៖ ក្រោយឯកឧត្តម គួច ចំរើន
អភិបាលខេត្តកណ្តាល ព្រមានធ្ងន់ៗ ទីបំផុត
បុគ្គលដែលបើករថយន្តសេរីទំនើបយកសម្រាមមកបោះចោលនៅចិញ្ចើមផ្លូវជាតិលេខ 6 ទីសាធារណ:
ស្ថិតក្នុងភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល កើតហេតុកាលពីវេលាម៉ោង១២និង២៥នាទីថ្ងៃទី២៥ ខែកក្កដា
ឆ្នាំ២០២៦ តាមកាមេរ៉ា សុវត្ថិភាព គឺនៅរសៀលថ្ងៃរូបនោះ មានឈ្មោះ ប៊ុន ពុទ្ធពៅ
ភេទប្រុសអាយុ៤២ឆ្នាំ មាន ទីលំនៅភូមិអូបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌឬស្សីកែវ
រាជធានីនៅភ្នំពេញ បានចូលខ្លួនមក សាលាស្រុកមុខកំពូល ដើម្បីទទួលកំហុសសុំទោសនិងទទួលយកនូវការផាកពិន័យ
អន្តរការណ៍ដោយស្មគ្រ័ចិត្ត នូវទឹកប្រាក់ស្របតាមអនុក្រឹតលេខ ១១៣ អ.ន.ក.ក្រ.ប.ក របស់រាជរដ្ធាភិបាល ។
តាមរយ:បណ្តាញសង្គមគណនី Facebook ផ្លូវការឈ្មោះ« រដ្ធបាលស្រុកមុខកំពូល» បានបញ្ជាក់ថា÷ក្រោយពីបានសាកសួរ ដោយបង្ហាញវីដេអូជាភស្តុតាង និងបានណែនាំ ពីក្រុមការងាររួចមក លោក ប៊ុន ពុទ្ធពៅ បានសារភាពថា ខ្លួនពិតជាបានដឹកសំរាម មកចោលនៅទីសាធារណៈជាលើកទី១ និងក៏បានសូមទទួលកំហុសគ្រប់យ៉ាង និងសុំ អភ័យទោសដល់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងលោក យី យ៉េន អភិបាលស្រុកមុខកំពូល ហើយរូបលោក នឹងរើសយកសំរាមដែលបានបោះចោលទាំងនោះឡើងវិញនៅទីតាំងដែលបានចោលសំរាម និងបង្ហោះការសុំទោសជាសាធារណៈក្នុង បណ្តាញសង្គម ព្រមទាំងទទួលយកនូវការផាកពិន័យតាមច្បាប់៕ ដោយ ៖ប៉ែនឆន