បុរសម្នាក់ជិះម៉ូតូឆ្លងស្តុប ជ្រុលទៅបុករថយន្តឈប់រងចាំស្តុប បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ

National • July 01, 2026
បុរសម្នាក់ជិះម៉ូតូឆ្លងស្តុប ជ្រុលទៅបុករថយន្តឈប់រងចាំស្តុប បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ

 

ភ្នំពេញ៖បុរសម្នាក់ ជិះម៉ូតូឌ្រីមសង់មួយគ្រឿងក្នុងល្បឿនលឿនឆ្លងស្តុប ជ្រុលទៅបុកចំពីមុខរថយន្តម៉ាក Lexus NX350 ឈប់រង់ចាំស្តុប បណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។






ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ចំណុចមេភ្លើង ស្ថិតនៅតាមបណ្តោយផ្លូវ៣៦០កែងផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក Lexus NX350 ពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាកលេខ កម្ពុជា HST.9898 បានឈប់រង់ចាំស្តុបនៅផ្លូវ៣៦០ទិសដៅពីកើតទៅលិច។

ភ្លាមនោះដែរ ស្រាប់តែគេឃើញមានយុវជនរងគ្រោះម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម 1AD- 9770 ជិះឆ្លងស្តុបតាមបណ្តោយផ្លូវ៣៦០ ទិសដៅបញ្រ្ចាសគ្នាពីលិចទៅកើតក្នុងល្បឿនលឿន ក៏រ៉េចង្កូតជ្រុលទៅបុកចំពីមុខរថយន្តយ៉ាងពេញទំហឹងបណ្តាលឲ្យដួលរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែកម្ចាស់រថយន្តសមត្ថកិច្ចឃាត់អោយនៅកន្លែងកើតហេតុ ។
បន្ទាប់ពីកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ខណ្ឌបឹងកេងកង ចុះមកដល់វាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំឲ្យភាគីសងខាងដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖សាមេត

x Enlarged Image