ឃាត់ខ្លួនមនុស្ស០៤នាក់ ក្នុងនោះ០៣នាក់ធ្លាប់ជាប់ពន្ធនាគារ ករណីគ្រឿងញៀន ចេញមកវិញ មិនរាងចាល

National • July 01, 2026
ឃាត់ខ្លួនមនុស្ស០៤នាក់ ក្នុងនោះ០៣នាក់ធ្លាប់ជាប់ពន្ធនាគារ ករណីគ្រឿងញៀន ចេញមកវិញ មិនរាងចាល

 

កណ្តាល៖ ជនសង្ស័យ០៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដែលក្នុងនោះ០៣នាក់ធ្លាប់ ជាប់ពន្ធនាគារ តែពេលបានចេញមកវិញមិនរាងចាល ករណីជួញដូររក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ( ម៉ាទឹកកក)  ដោយកើតហេតុកាលពីវេលាម៉ោង ១១និង១០នាទីថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២៦ នៅចំណុច ផ្លូវលំស្ថិតនៅក្នុងភូមិ ត្រពាំងស្មាច់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ 

    យោងតាមរបាយការណ៍សមត្ថកិច្ច បានឲ្យដឹងថា÷ជនសង្ស័យចំនួន០៤នាក់ដែលត្រូវបានឃាត់ខ្លួន សុទតែជាបុរស និង វិជ្ជមាននូវសារធាតុញៀន (+ )៖

១-ឈ្មោះ សុខ កាន់ អាយុ ៤១ឆ្នាំ ធ្លាប់ជាប់ពន្ធនាគារខេត្តកំពង់ស្ពឺ​ ០១លើក​ រយៈពេល​២ឆ្នាំ, ២-ឈ្មោះ ជួង ផល្លី អាយុ៣១ឆ្នាំ ធ្លាប់ជាប់ពន្ធនាគារខេត្តកំពង់ឆ្នាំង​ ១លើក​ រយៈពេល​០៣ឆ្នាំ​ ពីបទ​ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ដូចគ្នា។

៣-ឈ្មោះ ម៉ន រ័ត្ន អាយុ ៤១ឆ្នាំ, ៤-ឈ្មោះ​ សាង​ ផាផាន់ អាយុ​២១ឆ្នាំ​ធ្លាប់​ជាប់ពន្ធនាគារ​ខេត្ត​កណ្តាល​០១លើក រយៈពេល​១ឆ្នាំ​ ករណីលួច ដោយជនសង្ស័យទាំង០៤ ជាជនជាតិខ្មែរ គ្មានមុខរបរពិត ប្រាកដ និងរស់នៅជាមួយគ្នាក្នុងដែនរដ្ធបាលឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ 

វត្ថុតាងដកហូតរួមមាន៖ម្សៅក្រាមសថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក)០១កញ្ចប់ទម្ងន់០,១២ក្រាម -ទូរសព្ទ័ដៃចំនួន០៥គ្រឿង រួមនិងសម្ភារៈប្រើប្រាស់​ វេចខ្ចប់គ្រឿងញៀនមួយចំនួន។ 

    បច្ចុប្បន្ន ជនសង្ស័យទាំង០៤នាក់ រួមនិងវត្ថុតាង ត្រូវបាននាំមកកាន់អធិការដ្ធានស្រុក អង្គស្នួល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ ដោយ​៖ប៉ែន​ឆន