បាត់ដំបង៖ ក្មេងសិស្សសាលា០២នាក់ បានរងរបួ.សធ្ង.ន់ និងម្នាក់ទៀតស្លា.ប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ក្រោយជិះម៉ូតូឡើងវ៉ាជែងមិនប្រយ័ត្នជ្រុលទៅទាក់ដៃចង្កូតម៉ូតូ០១គ្រឿងផ្សេងទៀត បណ្តាលអោយដួលអូសទៅបុកផើងផ្កានិងរបងសាលានៅវេលាម៉ោង ០៩និង១០នាទី ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវរ៉បស្ទឹងសង្កែ ខាងជើងស្ពានអ៊ុត្តរ ស្ថិតក្នុងភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង។

 ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1AQ-8024 បើកបរដោយក្មេងប្រុសសិស្សសាលាម្នាក់ និង អ្នករួមដំណើរ០២នាក់ ក្នុងល្បឿនយ៉ាងលឿនទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុខាងលើ បានឡើងវ៉ាជែងរថយន្ត០១គ្រឿង ខ្វះការប្រុងប្រយ័ត្នជ្រុលទាក់ដៃចង្កូតម៉ូតូមួយគ្រឿងផ្សេងទៀត ក៏ដួលអូសទៅបុកផើងផ្កា និងរបងសាលា បណ្តាលឲ្យបោកក្បាលរងរបួសធ្ងន់០៣នាក់ ។

ក្រោយមក ០១នាក់បានស្លា.ប់ពេលបញ្ចូនទៅមន្ទីរពេទ្យ ចំណែកម៉ូតូ០១គ្រឿងផ្សេងទៀត បានគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្រ្គោះព្យាបាលបន្ទាន់នៅមន្ទីរពេទ្យ ចំណែកមធ្យោបាយម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចមកវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី៕ រៀម សាលី