វាយមួយដៃនិងទាញកាំបិតផ្គាក់គំរាមសម្លាប់ ចោទថាលួចលុយ យុវជនប្តឹងឱ្យ នគរបាលឃាត់
កំពង់ស្ពឺ៖
បុរសម្នាក់ ត្រូវបាននគរបាលស្រុកសំរោងទង ធ្វើការឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពវាយ
និង យកកាំបិតផ្គាក់គំរាមកាប់សម្លាប់ទៅលើយុវជនម្នាក់ទៀតដែលរស់នៅក្នុងភូមិជាមួយគ្នា
ចោទថាលួចលុយខ្លួន សង្ស័យគ្រឿងញៀនធ្វើទុក្ខរើឡើង
ហើយទប់អារម្មណ៍មិនជាប់។
ករណីហិង្សាដោយចេតនា
ទាញកាំបិតគំរាមកាប់សម្លាប់លើយុវជនម្នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន
បានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងភូមិត្រពាំងជ្រៅ
ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសំរោងទង
បាននិយាយឲ្យដឹងថានៅមុនពេលឃាត់ខ្លួនបុរសសង្ស័យខាងលើ
គឺនៅវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ មានឈ្មោះ ស៊ឺន លាងហេង
ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅក្នុងភូមិត្រពាំងជ្រៅ ឃុំកាហែង ស្រុកសំរោងទង
ខេត្តកំពង់ស្ពឺ បានមកដាក់ពាក្យបណ្តឹងទៅលើឈ្មោះ វ៉ង់ វុធ ភេទប្រុស អាយុ៤០ឆ្នាំ
រស់នៅក្នុងភូមិជាមួយគ្នា។ យុវជនខាងលើ បានរៀបរាប់ថាកាលពីវេលាម៉ោង៨និង១០នាទី ថ្ងៃទី០៥
ខែកក្កដា រូបគេកំពុងរុះរើខ្ទមមុខផ្ទះ ។
ពេលនោះស្រាប់តែឈ្មោះ
វុធ បានផ្លោះរបង ហើយ បានចោទប្រកាន់ថាខ្លួនលួចលុយ និងបានវាយរូបខ្លួនមួយដៃ រួចហើយ
ជនដៃដល់បានដើរទៅយកកាំបិតផ្គាក់ពីផ្ទះ មករកកាប់និងគំរាមកាប់សំលាប់រូបខ្លួន( ឈ្មោះ
លាង ហេង)។ ដោយកើតចិត្តខឹង រូបគេក៏បានយកចបកាប់ បំរ៉ុងវាយតបទៅលើឈ្មោះ វុធ វិញដែរ
ប៉ុន្តែត្រូវបានអ្នកជិតខាង ជួយឃាត់
ទើបសម្រេចចិត្តទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងរកយុត្តិធម៌ឱ្យ។
នគរបាលស្រុកសំរោងទង
បានបន្តឲ្យដឹងទៀតថាក្រោយពីទទួលបានពាក្យបណ្ដឹងយុវជនរងគ្រោះខាងលើរួចមក នៅវេលាម៉ោង១១ព្រឹក
ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦
កម្លាំងព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំកាហែង
បានចុះទៅឃាត់ឈ្មោះ វ៉ង់ វុធ មកសាកសួរ។ ជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនពិតជាបានវាយនិងកាន់កំបិតផ្គាក់គំរាមយុវជនរងគ្រោះខាងលើពិតប្រាកដមែន។
ក្រោយឃាត់ខ្លួនបុរសជាជនសង្ស័យ
នគរបាលដកហូតបាន៖ ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន ២កញ្ចប់តូចនៅជាប់និងខ្លួន និង
កាំបិតផ្គាក់ចំនួន១ផងដែរ។
នគរបាលស្រុកសំរោងទង បានបញ្ជាក់ដឹងថា ក្រោយឃាត់ខ្លួនជនសង្ស័យរួមជាមួយនិងវត្ថុតាង នគរបាល បានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ប៊ុនធឿន