ឯ.ឧ នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បញ្ជាឱ្យចាត់វិធានការក្តៅលើ «ក្រុមគ្រូតឿ» ដែលផលិតមាតិការើសអើងអ្នកជំងឺអេដស៍ និងអ្នកលក់អនឡាញសិចស៊ី ដើម្បីពង្រឹងសីលធម៌សង្គម
(ភ្នំពេញ)៖ ឯ.ឧ នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
ឱ្យចាត់វិធានការជាបន្ទាន់ ក្នុងការស្វែងរក និងហៅក្រុមផលិតមាតិកាវីដេអូ
ដែលគេស្គាល់ថាជា «ក្រុមគ្រូតឿ» មកធ្វើកិច្ចសន្យាណែនាំ
និងអប់រំ បន្ទាប់ពីក្រុមនេះបានផលិតមាតិកាវីដេអូ «ពាក់អាវពេទ្យ
និងរុញគ្រែពេទ្យ» ដែលមានខ្លឹមសាររើសអើងយ៉ាងធ្ងន់ធ្ងរចំពោះអ្នកជំងឺអេដស៍។
ការដាក់បញ្ជារបស់ឯ.ឧ
រដ្ឋមន្ត្រីក្រសួងព័ត៌មាននេះ បានធ្វើឡើងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ
ក្នុងឱកាសឯ.ឧ រដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា «ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត
ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍»។
ឯ.ឧ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ការសម្តែងគឺចង់បានអ្នកមើលច្រើន
ក៏ប៉ុន្តែ សីលធម៌នៃការសម្តែងបានបង្កការប៉ះពាល់ និងរើសអើងអ្នកផ្ទុកជំងឺអេដស៍
និងអ្នកជំងឺអេដស៍ ដូច្នេះ ត្រូវតែហៅមកអប់រំ ណែនាំឱ្យគោរពនូវក្រមសីលធម៌ជាចាំបាច់។
ក្រសួងព័ត៌មាន
ប្តេជ្ញារក្សាសុវត្ថិភាពវប្បធម៌
និងសីលធម៌សង្គមតាមរយៈការគ្រប់គ្រងមាតិកាឌីជីថលប្រកបដោយប្រសិទ្ធភាព។
ជាមួយគ្នានេះដែរ
ឯ.ឧ រដ្ឋមន្ត្រី ក៏បានណែនាំឱ្យចាត់វិធានការដូចគ្នា ទៅលើក្រុមអ្នកលក់ផលិតផលតាមប្រព័ន្ធអនឡាញ
ដែលចូលចិត្តស្លៀកពាក់លេចលើខ្វះក្រោម
បញ្ចេញសាច់ដើមទ្រូងធំៗដើម្បីទាក់ទាញការចាប់អារម្មណ៍
ដោយត្រូវហៅបុគ្គលទាំងនោះមកធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់សីលធម៌សង្គមផងដែរ។
ការបញ្ជាបែបនេះរបស់ឯ.ឧ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្វើឡើងនៅក្នុងគោលបំណងពង្រឹងតម្លៃសីលធម៌សង្គម វប្បធម៌ និងការពារកិត្តិយសសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ក៏ដូចជាទប់ស្កាត់ការផ្សព្វផ្សាយមាតិកាអនឡាញទាំងឡាយណាដែលខ្វះការទទួលខុសត្រូវ និងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់វប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ៕