ឃាត់ខ្លួនអ្នកលេងកាំបិតពូថៅនិងដំបទីប ចំនួន៨នាក់ចូលវាយកំទេចផ្ទះជនរងគ្រោះនៅទួលសង្កែ ៤លើក

National • July 20, 2026
ឃាត់ខ្លួនអ្នកលេងកាំបិតពូថៅនិងដំបទីប ចំនួន៨នាក់ចូលវាយកំទេចផ្ទះជនរងគ្រោះនៅទួលសង្កែ ៤លើក

ភ្នំពេញ៖ ក្មេងទំនើង ដែលជាក្រុមអ្នកលេងកាំបិតពូថៅនិងដំបងទីប ចំនួន៨នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវស្រាវជ្រាវឃាត់ខ្លួនបានជាបន្ទាប់បន្ទាប់ បន្ទាប់ពីធ្វើសកម្មភាពគប់ដុំថ្ម និងគប់កាំបិតបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅខណ្ឌប្ញស្សីកែវ ចំនូន៤លើក។

    តាមនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថាដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ  កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ បានស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើង៨នាក់ ជាបន្តបន្ទាប់ កាលពីថ្ងៃទី១៦និង១៧ ខែកក្កដា ឆ្នាំ២០២៦ករណីហិង្សាដោយចេតនា ដោយមានស្ថានទម្ងន់ទោសដោយគប់ ដុំថ្ម និងកាំបិតចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះចំនួន៤លើក។

 លើកទី១. នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ , លើកទី២. នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦, លើកទី៣. ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ និងលើកទី៤ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចផ្លូវលេខ ៥៩៨ ក្រុម២  ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ  រាជធានីភ្នំពេញ វេលាម៉ោងប្រហែល ០២:២០នាទីយប់ ថ្ងៃទី១២ ខែ កក្កដា ឆ្នាំ ២០២៦។ បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចរហូតវត្ថុតាងចាប់យក៖

១-កាំបិតធ្វើសកម្មភាព ៦ដើម, ២-ពូថៅធ្វើសកម្មភាព ១ដើម, ៣-ដែកទីបធ្វើសកម្មភាព១ដើម។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាល កំពុងសាកសួរដើម្បីបន្តអនុវត្តតាមនីតិវិធី៕ ម៉េង ធា





 

x Enlarged Image