ស្រ្តីអ្នកបើករថយន្ដបង្កឈ្មោះ សាម ម៉ីជូ ត្រូវបានក្រុមគ្រួសារសហការប្រគល់ជូនសមត្ថកិច្ច ដើម្បីអនុវត្តតាមចាប់

National • July 30, 2026
ស្រ្តីអ្នកបើករថយន្ដបង្កឈ្មោះ សាម ម៉ីជូ ត្រូវបានក្រុមគ្រួសារសហការប្រគល់ជូនសមត្ថកិច្ច ដើម្បីអនុវត្តតាមចាប់

 (ភ្នំពេញ)៖ ស្ដ្រីអ្នកបើករថយន្ដបង្កឈ្មោះ សាម ម៉ីជូ ត្រូវបានក្រុមគ្រួសារសហការប្រគល់ខ្លួនជូនសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមផ្លូវច្បាប់ ករណីបើករថយន្ដ បុកមន្ដ្រីក្រសួងសាធារណការនិងដឹកជញ្ជូនស្លាប់ កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។

សូមជម្រាបថា ស្ដ្រីឈ្មោះ សាម ម៉ីជី បានបើករថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក AVATAR 11 ពាក់ផ្លាកលេខកម្ពុជា V.C.8989 បានបុកអ្នកជិះម៉ូតូម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នា។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១៖៣០នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅតាមបណ្តោយ​ផ្លូវលេខ១០០៣​ សង្កាត់​ឃ្មួញ​ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​។

សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថារថយន្ដម៉ាកAVATAR 11 ពាក់ផ្លាកលេខកម្ពុជា V.C.8989 បើកវ៉ាជែងចូលទៅផ្លូវម្ខាងទៀត រួចជ្រុលទៅបុកជាមួយម៉ូតូជនរងគ្រោះម៉ាក Honda Scoopy ពាក់ផ្លាកលេខភ្នំពេញ1HL-4247 ក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗ។

ផ្អែកតាមអត្តសញ្ញាណប័ណ្ណដែលគេរើសបាននៅកន្លែងកើតហេតុ ជនរងគ្រោះឈ្មោះគួច លឹមហាន អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ជាមន្ដ្រីនៃមន្ទីរពិសោធន៍សំណង់ និងសាធារណៈការ។

ខណៈអត្តសញ្ញាណម្ចាស់រថយន្ដ ត្រូវបានគេស្គាល់ឈ្មោះ សាម ម៉ីជូ ភេទស្រី អាយុ២៧ឆ្នាំ អាសយដ្ឋានផ្ទះលេខ៧៨៩K ផ្លូវ១៨០០ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះធ្វើការវាស់វែងយករថយន្ដ និងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយតាមផ្លូវច្បាប់៕

(ហ្វ្រេស)






 

x Enlarged Image