កម្លាំងសាមគ្គីអ្នកភូមិអូររុន រួមគ្នារុះរើសម្រាស់ឈើ ការពារស្ពានពីការខូចខាតដោយសារទឹកជំនន់
ស្ទឹងត្រែង៖
ប្រជាពលរដ្ឋនៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង
បានរួមសាមគ្គីគ្នាចុះរុះរើសម្រាស់ឈើ កំណាត់ឈើ និងមែកឈើ ដែលទឹកជំនន់បាននាំមកកកស្ទះនៅគល់ស្ពានឈើ
ដើម្បីការពារកុំឱ្យស្ពានរងការខូចខាត ឬបាក់បែក។
តាមការឱ្យដឹងពីប្រជាពលរដ្ឋក្នុងភូមិ
បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង និងទឹកហូរគួច បាននាំយកកំណាត់ឈើ
និងកម្ទេចកម្ទីធម្មជាតិជាច្រើន មកកកស្ទះនៅគល់ស្ពាន បង្កឱ្យរាំងស្ទះលំហូរទឹក និងបង្កសម្ពាធយ៉ាងខ្លាំងលើស្ពាន។
ដោយបារម្ភពីសុវត្ថិភាពក្នុងការធ្វើដំណើរ
និងការតភ្ជាប់ផ្លូវគោករបស់ប្រជាពលរដ្ឋ អ្នកភូមិបាននាំគ្នាប្រើកម្លាំងពលកម្មផ្ទាល់
រួមជាមួយឧបករណ៍កាប់ឈើ និងត្រាក់ទ័រ ដើម្បីទាញ និងរុះរើកំណាត់ឈើធំៗចេញពីគល់ស្ពាន
ទោះបីស្ថិតក្នុងស្ថានភាពទឹកហូរខ្លាំងក៏ដោយ។
សកម្មភាពនេះបានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គី និងការចូលរួមថែរក្សាសម្បត្តិសាធារណៈរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ការរួមគ្នារុះរើសម្រាស់ឈើ មិនត្រឹមតែជួយសម្រួលលំហូរទឹក និងកាត់បន្ថយហានិភ័យនៃការបាក់ស្ពានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគំរូដ៏ល្អនៃកម្លាំងសហគមន៍ ក្នុងការទប់ទល់នឹងគ្រោះធម្មជាតិ និងការពារផលប្រយោជន៍រួមបានយ៉ាងមានប្រសិទ្ធភាព៕ ឡុង កាន់សំនៀង