ប្រជាពលរដ្ឋ ប្រទះឃើញសាកសពបុរសម្នាក់ អណ្ដែតទឹក ក្បែរច្រាំងទន្លេ
ភ្នំពេញ៖
ភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈប្រជាពលរដ្ឋ បានប្រទះឃើញសាកសពបុរសម្នាក់ អណ្ដែតក្បែរច្រាំងទន្លេ
រួចរាយការណ៍ទៅកម្លាំងសមត្ថកិច្ច ឲ្យចុះមកអន្តរាគមន៍។
ករណីខាងលើនេះ
បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨:៣០នាទីយប់ ត្រូវនិងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦
ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ ព្រែកតាសេក ខណ្ឌ ជ្រោយចង្វារ
រាជធានីភ្នំពេញ ។
បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ
បានឲ្យដឹងថានៅមុនពេលកើត ហេតុ ពួកគាត់ នាំគ្នាដើរកត្រីនៅក្បែរច្រាំងទន្លេ ស្រាប់តែប្រទះឃើញសាកសពបុរសម្នាក់ដោយមានសភាពធំក្លិនស្អុយ។
ក្រោយមក ពួកគាត់ ក៏នាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកពិនិត្យទៅលើសព បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋាន
ចុះមកដល់ ក៏យកខ្សែហ៊ុំព័ទ្ធ រួចទាក់ទងទៅមន្ត្រីជំនាញឲ្យចុះមកពិនិត្យទៅលើសព បន្ត។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីការិយាល័យបច្ចេកទេសនិង វិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានី ចុះមកពិនិត្យនិងធ្វើកោសល្យវិច្ច័យទៅលើ សាកសព ។ ក្រោយសមត្ថកិច្ចជំនាញពិនិត្យរួច ក៏ធ្វើកំណត់ហេតុដឹកសពយកទៅតម្កល់ទុកនៅវត្តដើម្បីរង់ចាំទាក់ទងរកក្រុមគ្រួសារ មកទទួលយកទៅបុណ្យតាមប្រពៃណី៕ ដោយ៖សាមេត