ភ្នំពេញ៖ យុវជនម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយ នគរបាលស្រុកជីក្រែង ខេត្តសៀមរាប ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពចាប់រំលោភសេពសន្ធវៈ កម្មការិនីម្នាក់ ជាអនីតិជនអាយុ១៤ឆ្នាំ ហើយ គេចខ្លួនបាន ជាង១ខែ។

ហេតុការណ៍នេះ បានកើតឡើងតាំងពីវេលាម៉ោង១១យប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ មកម្ល៉េះ នៅចំណុចក្នុងបន្ទប់ជួលលេខ១០ ជាន់ឡៅតឿ ស្ថិតក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យរូបនោះ ឈ្មោះពឿន សុខច័ន្ទ អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅក្រុមទី៧ ភូមិដូនសុខ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប និង ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ។ ដោយឡែក ក្មេងស្រីរងគ្រោះ អាយុ១៤ឆ្នាំ មុខរបរកម្មការីនីរោងចក្រ មានទីលំនៅបន្ទប់ជួល ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យនោះដែរ ប៉ុន្តែឆ្ងាយពីបន្ទប់ជនស្ស័យ ។

  តាមនគរបាល បានឲ្យដឹងថាក្មេងស្រីរងគ្រោះនិងជនសង្ស័យឈ្មោះពឿន សុខច័ន្ទ បានស្គាល់និងទំនាក់ទំនងគ្នាទើបតែបានរយៈពេល២០ថ្ងៃប៉ុណ្ណោះ ដោយអ្នកទាំងពីរនាក់ធ្វើការនៅក្នុងរោងចក្រជាមួយគ្នា ។ លុះដល់ថ្ងៃកើតហេតុខាងលើ ឈ្មោះពឿន សុខច័ន្ទ បានបបួលក្មេងស្រីរងគ្រោះទៅលេងបន្ទប់ជួលរបស់ខ្លួន ហើយ បាននាំគ្នាផឹកជាមួយមិត្តភ័ក្រ ប្រុសស្រី១១នាក់។ លុះយប់ជ្រៅ គេបែកផ្លូវគ្នាអស់ សល់តែ២នាក់។ ជនរងគ្រោះ ឲ្យជនសង្ស័យជូនទៅផ្ទះ តែជនសង្ស័យមិនព្រមក៍នាំគ្នាដេក។ ខណៈនោះជនសង្ស័យសុំរួមភេទ នាងមិនយល់ព្រម ក៏ចាប់រំលោភតែម្តង។

   តាមនគរបាល បានបញ្ជាក់ប្រាប់ឲ្យដឹងបន្ថែមទៀតថា រហូតដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ម្តាយរបស់ក្មេងស្រីរងគ្រោះឃើញទឹកមុខកូនស្រីស្លេកស្លាំង ក៏បានសួរនាំ  ទើបនាងប្រាប់ថា អ្នកធ្វើការជាមួយគ្នា ឈ្មោះពឿន សុខច័ន្ទ ចាប់នាងរំលោភ។ ម្តាយក៍នាំកូនមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ហើយ នគរបាលជំនាញខណ្ឌពោធិ៍សែនជ័យ ក៍បានធ្វើការស្រាវជ្រាវ ។

រហូតដល់ថ្ងៃទី៤ ខែកក្កដា បានចុះទៅសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជីក្រែង ខេត្តសៀមរាប ធ្វើការឃាត់ខ្លួនបានជនសង្ស័យ ដល់ផ្ទះកំណើត រួចនាំយកមកសាកសួរនៅប៉ុស្តិ៍ចោមចៅទី៣ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ម៉េង ធា