ឃាត់ខ្លួនជនជាតិបរទេស៣នាក់ និង ដកហូតសម្ភារៈទូរស័ព្ទជាច្រើនគ្រឿង បន្ទាប់ពីប្រព្រឹត្តិបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួចយកទៅលាក់ទុកក្នុងរថយន្ត

July 20, 2026
ឃាត់ខ្លួនជនជាតិបរទេស៣នាក់ និង ដកហូតសម្ភារៈទូរស័ព្ទជាច្រើនគ្រឿង បន្ទាប់ពីប្រព្រឹត្តិបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួចយកទៅលាក់ទុកក្នុងរថយន្ត

ភ្នំពេញ៖ ជនជាតិបរទេសចំនួន៣នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ៧មករា ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពប្រព្រឹត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា រួចយក សម្ភារៈប្រព្រឹត្តបទល្មើស ទៅលាក់ទុកនៅក្នុងរថយន្តដើម្បីបន្លំភ្នែកអាជ្ញាធរ។

  ប្រតិបត្តិការបង្ក្រាបអនឡាញនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ក្រោយធ្វើការចុះត្រួតពិនិត្យតាមបណ្ដាសណ្ឋាគារ ,ខុនដូ, អាផាតមិន ក្នុងមូលដ្ឋានសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា កម្លាំងអាជ្ញាធរខណ្ឌ៧មករា រាជធានីភ្នំពេញ និង ឈានទៅស្រាវជ្រាវ ដកហូតសម្ភារៈ ទូរស័ព្ទជាច្រើនគ្រឿងសម្រាប់ប្រព្រឹត្តបទល្មើស លាក់ទុកក្នុងរថយន្ត ។

  លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឲ្យអាជ្ញាធរទាំង១៤ខណ្ឌក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បន្តចុះត្រួតពិនិត្យព្រមៗគ្នា ជាប់ជាប្រចាំដូចភ្លៀងរលឹម។

    ដោយឡែក គណៈបញ្ជាកាឯកភាពខណ្ឌ7 មករា បានបន្តដឹកនាំកម្លាំងចុះត្រួតពិនិត្យការស្នាក់នៅប្រមូលផ្ដុំរបស់ជនបរទេស ស្របតាមអនុក្រឹត្យលេខ០៣ នៅតាមសណ្ឋាគារ ខុនដូរ ផ្ទះសំណាក់ សហគ្រាស ពិសេសគឺឈានទៅ បង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចេញពីមូលដ្ឋានខណ្ឌ៧មករា ឲ្យអស់។

  លោកអភិបាល សង្កត់ធ្ងន់ថា អាជ្ញាធរមូលដ្ឋានផ្ទាល់ ពិសេស សង្កាត់ប៉ុស្តិ៍ មេភូមិ ត្រូវតាមដានឲ្យបានជាប់ជាប្រចាំ ព្រោះក្រុមឧក្រិដ្ឋជន បានបំលែងខ្លួនគ្រប់វិធីសាស្រ្តពីការប្រមូលផ្ដុំគ្នាច្រើន មកនៅគ្នាតិច និង បានប្រើក្បាច់ថ្មីសម្ភារៈធ្វើសកម្មភាព រួចយកមកលាក់ក្នុងរថយន្ត ដល់កណ្ដាលអាធាត្រស្ងប់ស្ងាត់ យកសម្ភារៈទៅបន្តសកម្មភាពវិញ។

   ក្រោយបញ្ចប់ប្រតិបត្តិការ ជនបរទេសប្រុសស្រីចំនួន៣នាក់ រួមនិងវត្ថុតាងប្រព្រឹត្តបទល្មើស ត្រូវបានប្រគល់ជូនស្នងការការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តចាត់ការតាមនីតិវិធី៕ម៉េង ធា





 

x Enlarged Image