បុរសម្នាក់ សង្ស័យជិះម៉ូតូ កៀរឃឿនចិញ្ចើមផ្លូវ បណ្ដាលឲ្យដួលអូសផ្ទុបនិងដើមដូង បោកក្បាលស្លាប់ យ៉ាងអាណោចអាធ័ម

National • July 22, 2026
បុរសម្នាក់ សង្ស័យជិះម៉ូតូ កៀរឃឿនចិញ្ចើមផ្លូវ បណ្ដាលឲ្យដួលអូសផ្ទុបនិងដើមដូង បោកក្បាលស្លាប់ យ៉ាងអាណោចអាធ័ម

 

ភ្នំពេញ៖បុរសម្នាក់ បានស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗ ក្រោយពេលជិះម៉ូតូលឿន ជ្រុលទៅកៀរនិងឃឿនចិញ្ចើមផ្លូវ បណ្ដាលឲ្យម៉ូតូ ដួលអូសផ្ទុបនិងដើមដូង ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃ ទី២១ខែ កក្កដា ឆ្នាំ២០២៦ ទល់មុខរបងវិទ្យាល័យ ជា ស៊ីម បឹងកេងកង ផ្លូវ ៣៦០ សង្កាត់ បឹងកេងកង ទី១ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ ។  

សពជនរងគ្រោះ មានឈ្មោះ ឌី ជានិច្ច ភេទប្រុស អាយុ៣៧ឆ្នាំ មានស្រុកកំណើត ភូមិ ព្រែកត្រែង ស្រុក សំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថាមុនពេលកើតហេតុ គេបានឃើញ បុរសរងគ្រោះ ជិះម៉ូតូម៉ាក ហុងដាឌ្រីមសង់ ពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1CF 9679ធ្វើដំណើរតាមបណ្ដោយផ្លូវ ៣៦០ទិសដៅពីលិចទៅកើតល្បឿនលឿន។

លុះមកដល់ចំនុចកើតហេតុ ស្រាប់តែម៉ូតូ បានរេចង្កូត ទៅខាងស្ដាំដៃ កៀរនិងឃឿន ចិញ្ចើមផ្លូវ បណ្ដាលឲ្យម៉ូតូនិងមនុស្ស ដួលអូសផ្ទុបនិងដើមដូង ដែលធ្វើឲ្យជនរងគ្រោះ បោក ក្បាលស្លាប់ យ៉ាងអាណោចអាធ័ម នៅកន្លែងកើតហេតុ តែម្ដងទៅ។

ក្រោយកើតហេតុ សមត្ថកិច្ច បានធ្វើលិខិតប្រគល់សព អោយសាច់ញាតិ យកទៅធ្វើ បុណ្យតាមប្រពៃណី ចំនែកម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកជូននៅអធិការដ្ឋាន នគរបាលខណ្ឌ បឹងកេងកង៕ ដោយ៖សាមេត






x Enlarged Image