ផ្ទះលក់ចាប់ហួយមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះខូចខាតគិតជាទឹកប្រាក់អស់ប្រហែល ៥០០០០ដុល្លារ
បាត់ដំបង៖
ផ្ទះលក់ចាប់ហួយមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចេញអន្តរាគមន៍ពន្លត់នៅវេលាម៉ោង
០០និង៣០នាទី ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅចំណុចក្រុមទី១៣ ភូមិកៀនកែស១
ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ករណីអគ្គិភ័យខាងលើនេះដែរ
បានបណ្ដាលឱ្យឆេះផ្ទះលក់ចាប់ហួយ០១ខ្នងទំហំ ១៣ម៉ែត្រ x ៣០ម៉ែត្រ ធ្វើអំពីថ្ម
ដំបូលប្រក់ស័ង្កសី និងខូចខាតអីវ៉ាន់ចាប់ហួយប្រមាណ៧០%សរុបជាទឹកប្រាក់អស់ប្រហែល ៥០,០០០ ដុល្លារ (ប្រាំម៉ឺនដុល្លារសហរដ្ឋអាមេរិក)ដែលម្ចាស់ផ្ទះឈ្មោះ រឿន
សារិន ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើភ្លាមៗនោះ
កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានចេញរថយន្តចំនួន ០១គ្រឿង
និងរថយន្តពន្លត់អគ្គិភ័យស្រុកបវេល ០១គ្រឿង
ចេញអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន០៣ រថយន្ត និងរថយន្តដឹកទឹកលក់អស់ចំនួន
០១រថយន្តផងដែរ ហើយមូលហេតុកំពុងស្ថិតក្នុងការស្រាវជ្រាវ៕
ដោយ៖រៀម សាលី+គឹម សាន្នី