ការរាំ “របាំគ្រុឌ” ដោយលោកស្រី ហ៊ុន ប៉ែន ស្រស់ស្អាតនិងបង្ហាញភាពប៉ិនប្រសព្វល្អឥតខ្ចោះ ពោពេញដោយថាមពល
របាំ «គ្រុឌ» ដែលជាស្នាដៃស្រាវជ្រាវ និងបង្កើតដោយនាដការីឆ្នើម លោកស្រី ហ៊ុន ប៉ែន កំពុងទទួលបានការកោតសរសើរយ៉ាងទូលំទូលាយពីសំណាក់មហាជន ក្រោយវីដេអូសម្តែងរបស់អ្នកស្រីត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គម។
របាំ «គ្រុឌ» ជាទម្រង់របាំសហសម័យខ្មែរ ដែលបានអភិវឌ្ឍចេញពីមូលដ្ឋានរបាំក្បាច់ខ្មែរ ដោយរួមបញ្ចូលនូវការច្នៃប្រឌិតថ្មីទាំងផ្នែកបច្ចេកទេស គំនិត និងទស្សនវិស័យ ខណៈនៅតែរក្សាបាននូវអត្តសញ្ញាណ និងតម្លៃវប្បធម៌ខ្មែរ។
តាមការបកស្រាយរបស់អ្នកបង្កើត របាំនេះបង្ហាញពីអំណាច ឥទ្ធិពល និងស្មារតីរបស់តួអង្គគ្រុឌ។ ស្លាបតំណាងឱ្យសេរីភាព ភ្នែកតំណាងឱ្យទស្សនៈវិស័យ និងព្រហ្មវិហារធម៌ ចំណែកដងខ្លួន ជើង និងកំភួនជើង បង្ហាញពីភាពក្លាហាន ការប្តេជ្ញាចិត្ត និងការតស៊ូដើម្បីសម្រេចគោលដៅ។
អ្វីដែលធ្វើឱ្យការសម្តែងនេះលេចធ្លោ គឺកាយវិការរាំដ៏ប៉ិនប្រសប់របស់លោកស្រី ហ៊ុន ប៉ែន ដែលបង្ហាញពីភាពល្វតល្វន់ ស៊ីចង្វាក់តន្ត្រី និងការបញ្ចេញអារម្មណ៍បានយ៉ាងរស់រវើក។ ការសម្តែងពោរពេញដោយថាមពល និងភាពច្នៃប្រឌិត បានធ្វើឱ្យអ្នកទស្សនាជាច្រើនសម្តែងការកោតសរសើរ និងចែករំលែកវីដេអូនេះយ៉ាងទូលំទូលាយ។
អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានវាយតម្លៃថា របាំ «គ្រុឌ» មិនត្រឹមតែជាការសម្តែងសិល្បៈដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីការច្នៃប្រឌិតថ្មីក្នុងការលើកកម្ពស់ និងផ្សព្វផ្សាយសិល្បៈរបាំខ្មែរឱ្យកាន់តែទាក់ទាញសម្រាប់ទស្សនិកជនសម័យថ្មីផងដែរ។