ធ្លាប់ជាប់ពន្ធនាគារ ពេលបានចេញមកវិញមិនកែប្រែ រៀបគម្រោងដើរលួចម៉ូតូ ត្រូវម្ចាស់គេឃើញទាន់ ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន
កណ្តាល៖ ជនសង្ស័យមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារ
ពេលបានចេញមកវិញមិនកែប្រែខ្លួនជាពលរដ្ឋល្អនោះឡើយ បែរជារៀបចំគម្រោងដើរលួចម៉ូតូ
ត្រូវម្ចាស់គេឃើញទាន់ ស្រែក ឆោឡោនិងប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន ដោយកើតហេតុកាលពីវេលាម៉ោង០៨និង២៧នាទី
ថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២៦ នៅចំណុចផ្ទះជនរងគ្រោះ ស្ថឹតក្នុងភូមិសំរោង ឃុំទឹកឃ្លាំង
ស្រុកល្វាឯម ខេត្តកណ្តាល ។
សមត្ថកិច្ចមូលដ្ធាន បានប្រាប់ឲ្យដឹងថាស្ត្រីរងគ្រោះ
មានឈ្មោះយ៉ង សុខា អាយុ៤៦ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅក្នុងភូមិឃុំកើតហេតុ ចំណែកជនសង្ស័យមានឈ្មោះ ម៉ន សម្ភស្ស ភេទប្រុស
អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិជ្រោយចម្ប៉ា ឃុំគគីរ ស្រុកកៀនស្វាយខេត្តកណ្តាល
(វិជ្ជមាននូវសារធាតុញៀន ) ។
វត្ថុតាងចាប់យកមាន៖ ម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅពាក់ស្លាកលេខ
កណ្ដាល 1Y-3323
ចំនួន០១គ្រឿង ជារបស់ស្ត្រីរងគ្រោះ
។
ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថានៅវេលាកើតហេតុ ខ្លួនកំពុងអង្គុយលេង នៅក្នុងបន្ទប់ក្រោមផ្ទះ ស្រាប់តែឃើញជនសង្ស័យ
បានដើរចូលធ្វើសកម្មភាពលួចយក ម៉ូតូ។
ពេលនោះស្ត្រីរងគ្រោះក៏បានស្រែកឆោឡោឱ្យអ្នកជិតខាងជួយ និងបានទូរស័ព្ទប្តឹង
សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកល្វាឯម ។
នៅចំពោះមុខសមត្ថកិច្ច, ជនសង្ស័យបានសារភាពថាខ្លួនធ្លាប់ជាប់ពន្ធនាគារនៅរាជធានីភ្នំពេញ
ពីបទរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយ ថ្ងៃកើតហេតុ
ខ្លួនបានចេញពីផ្ទះ ហៅម៉ូតូកង់បីជិះឆ្លងកំពង់ចម្លង ឡើងមកស្រុកល្វាឯម ក្នុងបំណងដើររកមើលតាមភូមិ
ក្រែងមានម៉ូតូណាដែលធ្វេសប្រហែសដើម្បីលួច
ក៏បាន ឃើញម៉ូតូ ០១គ្រឿងរបស់ស្ត្រីរងគ្រោះ
ទុកនៅក្រោមផ្ទះមានសោរជាប់ម៉ូតូ ខ្លួនក៏បាន
ចូលទៅលួចស្រាប់តែម្ចាស់គេឃើញទាន់បានស្រែកឆោឡោ
ខ្លួនក៏បានរត់គេចតែត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកល្វាឯម ជាមួយ វត្ថុតាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ ដោយ៖ប៉ែនឆន