ក្រុមការងារនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ អញ្ជើញចូលរួមក្នុងកម្មវិធីបាឋកថា ក្រោមប្រធានបទ «ការវិវត្តសម្លៀកបំពាក់ក្នុងប្រពៃណីមង្គលការខ្មែរ» នៅមជ្ឈមណ្ឌលដឺព្រេមៀសេនធ័រសែនសុខ

Entertainment • July 28, 2026
ក្រុមការងារនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ អញ្ជើញចូលរួមក្នុងកម្មវិធីបាឋកថា ក្រោមប្រធានបទ «ការវិវត្តសម្លៀកបំពាក់ក្នុងប្រពៃណីមង្គលការខ្មែរ» នៅមជ្ឈមណ្ឌលដឺព្រេមៀសេនធ័រសែនសុខ

កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីបាឋកថា ក្រោមប្រធានបទ «ការវិវត្តសម្លៀកបំពាក់ក្នុងប្រពៃណីមង្គលការខ្មែរ» ក្នុងព្រឹត្តិការណ៍ពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦ ដែលបានរៀបចំឡើងនៅមជ្ឈមណ្ឌលដឺព្រេមៀសេនធ័រសែនសុខ ដែលវាគ្មិនបទបង្ហាញដោយលោកជំទាវ ឡង់ឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

តបតាមសំណើរបស់ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ ប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត ឯកឧត្តម ងួន ស្ដេចភក្ដី និងឯកឧត្តម យោប អះស្ការី អនុប្រធានការិយាល័យកិច្ចការសាសនា រួមជាមួយលោក អ៊ួង យូហាន ប្រធានក្រុមប្រឹក្សាបណ្ដាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា បានសម្រសម្រួល និងដឹកនាំសិស្ស-និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា សាសនិកខ្មែរ-ឥស្លាម និងបងប្អូនគ្រិស្ដសាសនិក រួមជាមួយក្រុមការងារ ស.ស.យ.ក. នៃសាលាមធ្យមវិចិត្រសិល្បៈ និងនាយកដ្ឋានសិល្បៈទស្សនីយភាព បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ដើម្បីទទួលបាននូវការចែករំលែកខ្លឹមសារបាឋកថាប្រកបដោយអត្ថប្រយោជន៍ ក្នុងគោលបំណងបង្ហាញពីតម្លៃនៃសម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរ ដែលជាមរតកវប្បធម៌ដ៏មានតម្លៃរបស់ដូនតាខ្មែរ ជាពិសេសយុវជនជំនាន់ក្រោយ បានសិក្សាស្វែងយល់ពីប្រវត្តិ ការវិវត្ត អត្តសញ្ញាណ និងសោភ័ណភាពនៃសម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរ តាំងពីអតីតកាល រហូតដល់បច្ចុប្បន្ន និងមោទនភាពក្នុងការរក្សា និងបន្តប្រពៃណីដ៏ល្អផូរផង់នេះ។

ព្រឹត្តិការណ៍ពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦ នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងអភិរក្ស ថែរក្សាវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ដូនតាខ្មែរ និងផ្សព្វផ្សាយវប្បធម៌ប្រពៃណីខ្មែរ ការរៀបអាពាហ៍ពិពាហ៍ខ្មែរទៅកាន់ឆាកអន្តរជាតិឱ្យស្គាល់អំពីអត្តសញ្ញាណ វប្បធម៌ អរិយធម៌ និងលក្ខណៈរចនាបថរបស់ខ្មែរ។ ស្របទៅនឹងគោលនយោបាយប្រជាជនរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ពិព័រណ៍នេះ ក៏មានគោលបំណងលើកកម្ពស់តម្លៃគ្រួសារ លើកទឹកចិត្តដល់គូស្រករថ្មីបង្កើតគ្រួសារស្របតាមច្បាប់ទម្លាប់ប្រពៃណីខ្មែរ ការបន្តពូជពង្សវង្សត្រកូលខ្មែរ ដើម្បីរក្សាតុល្យភាពរវាងរចនាសម្ព័ន្ធប្រជាជន និងធានាធនធានមនុស្សកម្ពុជាឱ្យសម្បូរបែបក្នុងនាមជាកម្លាំងចលករអភិវឌ្ឍជាតិ៕

 





 

x Enlarged Image