ភ្លៀងនិងខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងនៅរាជធានីភ្នំពេញ បណ្ដាលឲ្យបាក់ដើមឈើ ៣ដើម សង្កត់លើរថយន្ត២គ្រឿង និង ម៉ូតូកង់បី១គ្រឿង

National • July 24, 2026
ភ្លៀងនិងខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងនៅរាជធានីភ្នំពេញ បណ្ដាលឲ្យបាក់ដើមឈើ ៣ដើម សង្កត់លើរថយន្ត២គ្រឿង និង ម៉ូតូកង់បី១គ្រឿង

ភ្នំពេញ៖ដើមឈើតូចធំចំនួន ៣ដើម នៅរាជធានីភ្នំពេញ បានបាក់ដួលរលំជាបន្តបន្ទាប់ សង្កត់រថយន្តចំនួន២គ្រឿង និង ម៉ូតូកង់បីចំនួនមួយគ្រឿង បន្ទាប់ពីភ្លៀងមួយមេយ៉ាងធំលាយឡំទៅនិងខ្យល់កន្ត្រាក់បោកបក់កាលពីវេលាម៉ោង ប្រមាណជាង៣រសៀលថ្ងៃទី ២៣ខែកក្កដាឆ្នាំ ២០២៦នេះ។ ទោះបីជាយ៉ាងណា ពុំបណ្តាលឲ្យមនុស្សរងរបួសឡើយ ។

   តាមព័ត៌មានបានឲ្យដឹងថានៅវេលារសៀលនោះ ភ្លៀងបានបង្អុរធ្លាក់យ៉ាងខ្លាំងលាយឡំនិងខ្យល់កន្ត្រាក់ ចំកណ្ដាលរាជធានីភ្នំពេញ អស់រយៈពេលប្រមាណជិត១ម៉ោង បណ្ដាល ឲ្យដើមក្ងោកចំនួន៣ដើមបានបាក់រលំជាបន្តបន្ទាប់ ក្នុងនោះ១ដើមធំ បានដួលរលំសង្កត់ រថយន្តម៉ាស្តាមួយគ្រឿងនិងម៉ូតូកង់បី រងការខូចខាត នៅតាមបណ្តោយផ្លូវលេខ១០៦ ជិតស្ថានទូតអាមេរិក ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

 ដោយឡែក ដើមក្ងោកមួយដើមធំទៀត បានដួលរលំសង្កត់រថយន្តម៉ាក់ឡង់គ្រីស័រមួយ គ្រឿងនិងបង្គោលភ្លើង បណ្ដាលឲ្យបាក់មួយដើម នៅតាមបណ្ដោយផ្លូវនរោត្តមខាងត្បូង វិមានឯករាជ្យក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បន្ទាប់ពីគ្រោះថ្នាក់ រថយន្តឡង់គ្រីស័រ មួយគ្រឿង បានរងការខូចខាតតិចតួច រួចក៏ធ្វើដំណើរទៅបាត់។ ចំណែកដើមក្ងោកមួយដើមទៀត បានដួលរលំនៅតាមបណ្ដោយផ្លូវលេខ ២៨៨ ក្នុងសង្កាត់ បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

បន្ទាប់ពីកើតមានគ្រោះធម្មជាតិរលំដើមឈើ អាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញ ក៏បានចុះទៅកាត់ដើមឈើដើម្បី សម្រួលចរាចរណ៍ឡើងវិញ៕ ម៉េង ធា





 

x Enlarged Image