អាជ្ញាធរជាតិអប្សរា សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តសៀមរាប អប់រំណែនាំដល់អាជីវករជួលឈុតបុរាណ
មន្ត្រីអាជ្ញាធរជាតិអប្សរា សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប អាជ្ញាធរដែនដី រួមទាំងប៉ូលិសការពារបេតិកភណ្ឌ បានជួបសំណេះសំណាលជាមួយក្រុមអាជីវករ ដែលបម្រើសេវាកម្មជួលសម្លៀកបំពាក់បែបខ្មែរបុរាណឱ្យភ្ញៀវទេសចរ ដែលបានទៅទស្សនាប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។
ការជួបសំណេះសំណាលនេះ ក្នុងគោលបំណងចង់ឱ្យក្រុមអាជីវករទាំងអស់ ដែលប្រកបមុខរបរបម្រើសេវាតុបតែង ឬជួលសម្លៀកបំពាក់បែបប្រពៃណីខ្មែរ ដល់ភ្ញៀវទេសចរចូលទស្សនាអង្គរ បានយល់ដឹងយ៉ាងត្រឹមត្រូវនូវរចនាបថ និងក្បួនខ្នាតសម្លៀកបំពាក់ប្រពៃណីបុរាណរបស់ខ្មែរ និងយល់ដឹងថា អ្វីដែលមិនមែនជាប្រពៃណីខ្មែរ ហើយបម្រើឱ្យវប្បធម៌បរទេស។
មន្ត្រីការិយាល័យសូនរូប នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ដែលជំនាញលើសិល្បៈបុរាណខ្មែរ និងបានស្រាវជ្រាវលើផ្នែកសម្លៀកបំពាក់ខ្មែរអស់រយៈពេលជាច្រើនឆ្នាំ ។ ដែលពេលបច្ចុប្បន្ននេះ គឺមានអាជីវករមួយចំនួន នៅខាងមុខបរិវេណប្រាសាទអង្គរវត្ត បានជួលឈុតបុរាណ ដែលបានស្លៀកពាក់ខុសពីទម្រង់ដើម មាន៧០ភាគរយ។ ពិសេស ការប្រើប្រាស់កំណាត់ និងគ្រឿងអលង្ការនាំចូលមកពីប្រទេសថៃ។ សកម្មភាពនេះ គឺប្រាសចាកពីអត្តសញ្ញាណជាតិ និងវប្បធម៌របស់ខ្មែរទាំងស្រុង ដូចជា ការបម្រើឱ្យវប្បធម៌បរទេស។
អ្នកពន្យល់ថា ការស្លៀកពាក់តាមបែបបុរាណខ្មែរ គឺត្រូវតែប្រើកំណាត់ និងគ្រឿងអលង្ការដែលជារបស់ខ្មែរ ហើយក៏មិនត្រូវកែច្នៃឈុតណាមួយឱ្យខុសពីក្បួនខ្នាតខ្មែរដែរ។ ការប្រើគ្រឿងអលង្ការ និងកំណាត់ទៀតសោត ក៏មិនត្រឹមត្រូវទៅតាមឋានៈរបស់មនុស្សខ្មែរក្នុងសម័យបុរាណដែរ។ ការស្លៀកពាក់ និងការតុបតែងខ្លួនរបស់ខ្មែរបុរាណទៀតសោត មានទម្រង់ច្បាស់លាស់ទៅតាមឋានយសសក្ដិ រាប់ចាប់ពីព្រះមហាក្សត្រដល់រាស្រ្តសាមញ្ញ។ ឧទាហរណ៍ ដូចជាសម្លៀកបំពាក់ហូលដែលធ្វើពីសូត្រ សម្រាប់ព្រះមហាក្សត្រ ម្ចាស់ក្សត្រី កំណាត់ល្បើក និងលើ្បកជ័រជើង សម្រាប់ឋានៈសេដ្ឋី គហបតី និងកំណាត់ដែលត្បាញពីកប្បាស សម្រាប់មនុស្សសាមញ្ញទូទៅជាដើម។