សមត្ថកិច្ច កំពុងតែស្រាវជ្រាវតាមឃាត់ខ្លួនជនដៃដល់ដែល ប្រើអំពើហិង្សាយ៉ាងសាហាវ នៅច្រាំងចំរេះទី១ ហើយ បង្ហោះនៅក្នុងបណ្ដាញសង្គម

July 02, 2026
សមត្ថកិច្ច កំពុងតែស្រាវជ្រាវតាមឃាត់ខ្លួនជនដៃដល់ដែល ប្រើអំពើហិង្សាយ៉ាងសាហាវ នៅច្រាំងចំរេះទី១ ហើយ បង្ហោះនៅក្នុងបណ្ដាញសង្គម

ភ្នំពេញ៖ស្ត្រីជាជនដៃដល់ ដែលបានប្រើអំពើហិង្សាដោយវាយទៅលើស្ត្រីម្នាក់ ហើយបង្ហោះនៅក្នុងបណ្ដាញសង្គម ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ សហការជាមួយនគរបាលជំនាញកំពុងតែធ្វើការស្រាវជ្រាវដើម្បីតាមឃាត់ខ្លួនមកចាត់ការតាមច្បាប់។

   អំពើហិង្សានេះ ត្រូវបានគេដឹងថាបានកើតឡើងតាំងពីកំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅក្នុងសង្កាត់ច្រាំងចំរះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ហើយ ទើបតែបែកធ្លាយវីដេអូ នៅក្នុងបណ្ដាញសង្គម។ ជនដៃដល់ ដែលប្រើអំពើហិង្សានេះ ត្រូវបានជនរងគ្រោះឲ្យដឹងថាឈ្មោះ ដេវ៉ា ឌីណា ភេទស្រី( ជាធីមកាហ្វេកុង)មានលំនៅនៅភូមិទី៣ សង្កាត់សង្កាត់ច្រាំងចំរះទី១ ខណ្ឌឬស្សីកែវ ដែលជាកន្លែងកើតហេតុ។

   តាមស្ត្រីរងគ្រោះ បានឲ្យដឹងថាអំពើហិង្សានេះ បានកើតឡើងតាំងពីថ្ងៃទី១៧ ខែមេសាឆ្នាំ ២០២៦ ដោយសារតែជនដៃដល់ខឹងខ្លួន បានស៊ែរវីដេអូរថយន្តអវតា ដែលត្រូវបានគេគប់និងវាបំផ្លាញនិងបានប្រើពាក្យពុំសមរម្យ។

   ស្ត្រីរងគ្រោះ បានឲ្យដឹងទៀតថាដោយសារតែខ្លួននៅក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ ត្រូវបានរថយន្តអវតាបើកកៀរ ហើយ ក្រោយមក ត្រូវបានគេដេញវាយនិងគប់រថយន្ត បណ្ដាលឲ្យរងការខូចខាតហើយត្រូវបានគេបង្ហោះនៅក្នុងបណ្ដាញសង្គមខ្លួន ក៏បានស៊ែរវីដេអូ និង បានប្រើពាក្យពុំសមរម្យ។ លុះក្រោយមក ក៏បានដឹងទៅដល់បងប្អូនរបស់ជនដៃដល់ បានទាក់ទងហៅខ្លួនទៅផ្ទះនៅសង្កាត់ច្រាំងចំរះទី១ ខណ្ឌឬស្សីកែវ ។ ដោយសារតែខ្លួន ត្រូវបានគេគំរាមប្ដឹង ក៏បានឯកភាពទៅតាមការណាត់។ 

   ស្ត្រីរងគ្រោះបានឲ្យដឹងទៀតថានៅពេលទៅដល់ជនដៃដល់ ក៏បានវាយដុំដោយចោទ ថាខ្លួន បានជេរនិងគប់ឡានបង និង បានប្ដឹងសមត្ថកិច្ចហៅនាងទៅសាកសួរទៀត។

  ស្ត្រីរងគ្រោះក៏បានបញ្ជាក់ទៀតថាមុនដំបូងខ្លួនពុំបានដាក់ពាក្យបណ្ដឹងនោះទេដោយសារ តែពេលថ្មីៗនេះបានបែកធ្លាយនូវវីដេអូអំពើហិង្សាទើបសម្រេចចិត្តទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋានខណ្ឌឬស្សីកែវ។

តាមក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថាករណីហិង្សានៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ដែលបានផ្សព្វផ្សាយតាម   បណ្តាញសង្គម ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌ ឫស្សីកែវ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ រួចហើយ។ 

បច្ចុប្បន្ន ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាល រាជធានីភ្នំពេញ បានបញ្ជាឱ្យជំនាញស្រាវជ្រាវឃាត់ខ្លួនស្ត្រីដែលប្រើអំពើហិង្សានោះ ហើយ ដើម្បីអនុវត្តតាមនីតិវិធី។

តាមព័ត៌មានឲ្យដឹងទៀតថា រហូតមកដល់វេលា ថ្ងៃត្រង់ថ្ងៃទី១ ខែកក្កដាឆ្នាំ២០២៦ ជនសង្ស័យបានគេចខ្លួនបាត់ហើយ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវដើម្បីតាមឃាត់ខ្លួន ស្ត្រីជាជនដែលដល់រូបនោះ មកផ្តន្ទា ទោសតាមច្បាប់៕ម៉េង ធា