ប៉ៃលិន
៖ ម្ចាស់ចំការ មានការស្លុតនៅក្នុងចិត្តស្ទើរគាំងបេះដូង
ដោយសារតែក្រុមលោកចោរមួយក្រុមបាននាំគ្នាចូលទៅលួចបេះផ្លែទុរេនអស់ជិត២០០ផ្លែ ខណ:ដែលម្ចាស់ចំការជិតដល់ថ្ងៃបេះបង្ហើយ
លក់ឱ្យម៉ូយ ដើម្បីប្រមូលថវិកាទិញជី តុបតែងដើមថែទាំបំប៉ន ឱ្យដើមលូតលាស់ល្អ
និងផ្លែច្រើននៅឆ្នាំក្រោយទៀត ។ តែអ្វីដែលគួរឱ្យហួសចិត្តនោះ
គឺត្រូវបានក្រុមចោរលួចចូលទៅបេះបង្ហើយស្ទើរតែអស់ពីដើមតែម្តង។
ប្រភពព័ត៌មានបានឱ្យដឹងថា
៖ ម្ចាស់ចម្ការទុរេន មាន ឈ្មោះ ទូច ប៉ង់ ភេទប្រុស រស់នៅភូមិអូរតាពុកលើ
សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយលោកមានចម្ការទុរេន១កន្លែងនៅចំណុចខាងលើ
ហើយក៏បានដាំដើមទុរេនជាច្រើន រហូតដល់បានទទួលផលផ្លែ។ ប្រភពបន្តទៀតថា នៅឆ្នាំ២០២៦នេះ
លោកបានប្រមូលផលលក់ជាបណ្តើរៗ ដោយសារតែមានផ្លែជាង២០០ដើម
មិនទាន់ទុំអាចប្រមូលបានក៏បិទទ្វារចាក់សោររង់ចាំប៉ុន្មានថ្ងៃទៀត ទើបប្រមូលផល
ខណៈដែលម្ចាស់កំពុងរវល់លក់ដូរនៅក្នុងផ្សារប៉ៃលិន។ ប្រភពដដែលបញ្ជាក់ទៀតថា ចំការខាងលើ
ស្ថិតនៅភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយនៅឆ្នាំនេះ
ពេលទុរេនផ្កាផ្លែរហូតដល់ទុំ លោកក៏បានបេះលក់ជារៀងរាល់ថ្ងៃដោយក្នុង១គីឡូក្រាម
លក់ឱ្យអតិថិជនតម្លៃ១៥០០០រៀល ។ តែនៅវេលាប្រហែលម៉ោង២និង០០នាទីទៅម៉ោង៣និង០០នាទីទាបភ្លឺឈានចូលថ្ងៃទី១០
ខែកក្កដា ឆ្នាំ២០២៦ ចុងសប្តាហ៍នេះ
ស្រាប់តែក្រុមចោរបាននាំគ្នាឡើងលើរបងលួសសំណាញ់ចូលទៅលួចបេះផ្លែទុរេនអស់ជាច្រើនផ្លែ
ព្រោះជិតដល់ពេលប្រមូលផលទៅហើយ។
បើតាមការដើររាប់ស្នាមដែលក្រុមចោរទាញផ្តាច់ប្រហែលចំនួន១៦២ផ្លែស្មើនឹងប្រហែល៥០០គីឡូក្រាម
សរុបជាទឹកប្រាក់ជាង៧លានរៀល។
លោកបញ្ជាក់បន្ថែមទៀតថា កន្លងមកនៅឆ្នាំ២០២៦នេះ
ក៏ធ្លាប់មានចោរចូលទៅលួចបេះផ្លែទុរេនរបស់ខ្លួនដែរ។ តែបាត់បន្តិចបន្តួចប៉ុណ្ណោះ
គឺនៅលើកទី១ បាត់អស់ប្រហែល៩ផ្លែ លើកទី២ បាត់អស់ជាង២០ផ្លែ។ ដោយឡែកនៅលើកទី៣នេះ
គឺចោរចូលទៅបេះបង្ហើយអស់តែម្តង។ លោកបន្ថែមទៀតថា អ្វីដែលលោកច្បាស់ខ្លួនឯង
គឺផ្លែទុរេនទាំងអស់ លោកដើរមើលថែទាំ និងរាប់ចំនួនជារៀងរាល់ថ្ងៃ ដោយដឹងជាក់ថា
មួយណាធំមួយណាតូច ហើយបើសិនជាបាត់គឺលោកដឹងទាំងអស់តែម្តង ៕
ដោយ ៖ នីយ៉ា
