ព្រឹត្តិការណ៍ប្រកួតកីឡាចម្រុះ ជើងឯកកុមារ លើកទី១ ឆ្នាំ២០២៦ បានប្រព្រឹត្តដោយស្នាមញញឹមសប្បាយរីករាយ មួយវត្តមានអាណាព្យាបាលកុមារាកុមារី រាប់រយនាក់

July 03, 2026
ព្រឹត្តិការណ៍ប្រកួតកីឡាចម្រុះ ជើងឯកកុមារ លើកទី១ ឆ្នាំ២០២៦ បានប្រព្រឹត្តដោយស្នាមញញឹមសប្បាយរីករាយ មួយវត្តមានអាណាព្យាបាលកុមារាកុមារី រាប់រយនាក់

 

ទិដ្ឋភាពដ៏រស់រវើក និងពោរពេញដោយក្តីរំភើបញាប់ញ័រ បានកើតឡើងយ៉ាងអធិកអធមនៅតំបន់ជ្រោយចង្វារ នាថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ ខណៈដែល «ព្រឹត្តិការណ៍ប្រកួតកីឡាចម្រុះ ជើងឯកកុមារ លើកទី១ ឆ្នាំ២០២៦» បានធ្វើការប្រកួត ក្រោមសម្រែកហ៊ោរកញ្ជ្រៀវលើកទឹកចិត្តយ៉ាងខ្លាំងក្លាពីសំណាក់មាតាបិតា និងអាណាព្យាបាល។ កម្មវិធីករមានការចូលរួមពី ថ្នាក់ដឹកនាំ ប្រធានសព័ន្ធ លោកគ្រូអ្នកគ្រូ មានតបីតា និងជាពិសេសវត្តមានកុមារៗជាច្រើន មកពីគ្រប់ទិសទី រួមជាមួយអាណាព្យាបាលរាប់រយនាក់ បានមកជួបជុំគ្នាយ៉ាងកុះករនៅ អគារ ខេមរានី ស.ស.យ.ក. និង ទីលាន RUFA បង្កើតបានជាទិដ្ឋភាពដ៏កក់ក្តៅ និងសាមគ្គីភាពយ៉ាងស្អិតរមួត។

ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រសម្រាប់កុមារនៅឆ្នាំនេះ បាននាំមកនូវការប្រកួតប្រជែងយ៉ាងស្វិតស្វាញលើប្រភេទកីឡាចម្រុះចំនួន ៥ រួមមាន កីឡាបាល់ទាត់ កីឡាវាយសី កីឡាវាយកូនឃ្លីលើតុ កីឡាតេក្វាន់-ដូ និងកីឡាឡើងភ្នំ។ គ្រប់ទីលានប្រកួតទាំងអស់ សុទ្ធសឹងតែទទួលបានការចាប់អារម្មណ៍ខ្លាំង តាមរយៈការបង្ហាញបច្ចេកទេស ភាពរហ័សរហួន វិន័យ និងស្មារតីតស៊ូជម្នះឧបសគ្គរបស់កីឡាករ កីឡាការិនីវ័យក្មេង។

   អ្វីដែលជាចំណុចលេចធ្លោបំផុតនៅក្នុងព្រឹត្តិការណ៍ព្រឹកនេះ គឺទឹកមុខពោរពេញដោយស្នាមញញឹម ក្តីរំភើប និងការខំប្រឹងស្រែកហ៊ោរកញ្ជ្រៀវណែនាំកូនៗពីចំហៀងតារាងរបស់មាតាបិតាគ្រប់រូប។ វត្តមានរបស់ពួកគាត់មិនត្រឹមតែជាការគាំទ្រនោះទេ ប៉ុន្តែជាការលើកទឹកចិត្ត បណ្តុះនូវភាពជឿជាក់ដល់កុមារ។

គណៈកម្មការរៀបចំកម្មវិធីបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ បង្កើតឡើងមិនមែនដើម្បីតែស្វែងរកអ្នកឈ្នះ និងអ្នកចាញ់នោះទេ អ្វីដែលសំខាន់បំផុតគឺការផ្តល់ឱកាសឱ្យកុមារបានបញ្ចេញសមត្ថភាព បណ្តុះស្មារតីកីឡា មិត្តភាព សុខភាព និងការបង្កើតអនុស្សាវរីយ៍ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរវាងឪពុកម្តាយ និងកូនៗ។ បច្ចុប្បន្ន ការប្រកួតកំពុងតែប្រព្រឹត្តទៅយ៉ាងស្វិតស្វាញ និងជក់ចិត្តបំផុតនៅលើទីលាន អមដោយបរិយាកាសរីករាយ និងក្តីសង្ឃឹមយ៉ាងមុតមាំលើវិស័យកីឡាកុមារកម្ពុជា៕