បុរសវ័យចំណាស់ម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ពេលទៅឃ្វាលគោនិងថែទាំស្រូវនៅឯដីស្រែ

National • July 28, 2026
បុរសវ័យចំណាស់ម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ពេលទៅឃ្វាលគោនិងថែទាំស្រូវនៅឯដីស្រែ


កណ្តាល៖ គ្រោះធម្មជាតិមេឃធ្លាក់ភ្លៀងផ្លេកបន្ទោរផ្គររន្ទះ បានឆក់យកជីវិតបុរសវ័យ ចំណាស់ម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ពេលចេញទៅឃ្វាលគោនិងមើលថែទាំស្រូវក្នុងស្រែ  ដោយកើតហេតុកាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃចុងសប្តាហ៍កន្លងទៅ នៅចំណុចអូរទទឹងថ្ងៃ ក្នុងរោងចាំស្រែ ស្ថិតនៅភូមិព្រែកដូនហែម សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល 

លោកវរសេនីយ៍ត្រី ធិន សុក្រឹត នាយប៉ុស្តិ៍នគរបាលព្រែកអំពិល បានប្រាប់ឲ្យដឹងថាបុរសជាជនរងគ្រោះមានឈ្មោះ សិន សឿន អាយុ៧០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករនិង មានទីលំនៅក្នុងភូមិសង្កាត់កើតហេតុ ។ ដោយក្រោយពីទទួលបានព័ត៌មានពីក្រុមគ្រួសាររបស់ជនរងគ្រោះភ្លាម លោក បានរាយការណ៍ជូនលោកអធិការក្រុងអរិយក្សត្រ បានបញ្ជាលោកអធិការរងទទួលការងារយុត្តិធម៌ សហការជាមួយជំនាញវិភាគទីតាំងកើតហេតុធ្វើកោសលវិច្ច័យ  អាជ្ញាធរមូលដ្ធាន លោកគ្រូពេទ្យ ចុះដល់ទីតាំងកើតហេតុ ។

តាមការបំភ្លឺរបស់ឈ្មោះ ឃី មុត ភេទស្រីអាយុ៦៩ឆ្នាំ ជនជាតិខ្មែរត្រូវជាប្រពន្ធជនរងគ្រោះ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា ជារៀងរាល់ថ្ងៃ ជនរងគ្រោះតែងតែយកគោទៅចងនៅឯស្រែ( ចំណុចដីស្រែអូរទទឹងថ្ងៃ) មើលស្រូវនិងដាក់ទឹកស្រែ ហើយនៅថ្ងៃកើតហេតុមេឃកំពុង រលឹមភ្លៀងលាយឡំនិងផ្លេកបន្ទោផ្គររន្ទះ។

     នៅទីតាំងកើតហេតុ គេឃើញមានមួកក្រណាត់ របស់ជនរងគ្រោះ ដាច់រោលរហែក ចម្ងាយពីសព ,៥ម៉ែត្រ មានរោងចាំស្រូវដំបូលប្រក់ពីកៅស៊ូជាប់ដើមឈើធំមួយដើម ហើយ សព មានសភាពមានស្នាមខ្លោចឆេះរួញៗនិងមានស្នាមដាច់រលាត់ហូរឈាមតាមត្រចៀក ។

ក្រោយការពិនិត្យ សមត្ថកិច្ចជំនាញនិងយោងលោកគ្រូពេទ្យ បានដាក់សេចក្តីសន្និដ្ឋាន ថាជនរងគ្រោះស្លាប់ដោយសាររងរបួសក្បាលធ្ងន់ធ្ងរ បណ្តាលមកពីរន្ទះបាញ់ ។ សព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕ ដោយ​៖ប៉ែន​ឆន






x Enlarged Image