ឃាត់ខ្លួនបានហើយ! ជនដែលយកកណ្តៀវ គប់មុតជាប់ខ្នងស្ត្រីជិះម៉ូតូ
កណ្តាល៖ឃាត់ខ្លួនជនសង្ស័យម្នាក់
ដែលបានយកកណ្តៀវ គប់មុតជាប់ខ្នងស្ត្រីរងគ្រោះ ដែលកំពុងជិះម៉ូតូ ដោយកើតហេតុកាលពីវេលាម៉ោង ២២និង២០នាទីនៅចំណុចផ្លូវលំជិតវត្ត ខន្តី
ស្ថិតក្នុងភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង
ខេត្តកណ្តាល និង ត្រូវសមត្ថកិច្ចស្រាវជ្រាវ រហូតឃាត់ខ្លួនបានជនសង្ស័យម្នាក់
នៅថ្ងៃទី២០ខែកក្កដាឆ្នាំ២០២៦ ។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានប្រាប់
ឲ្យដឹងថាក្រោយទទួលបានគណនីហ្វេសប៊ុកឈ្មោះ Kog Sophea(កក់
សុភា) ដែលបានបង្ហោះវីដេអូ អមដោយខ្លឹមសារថា៖ មិនដឹងជាគាត់មានរឿងអ្វីទេ
បានជាកាំបិតផ្គាក់ជាប់ខ្លួនអញ្ចឹង សាហាវណាស់ គួរឲ្យខ្លាច
ប្រភពពីបងប្អូនប្រជាពលរដ្ឌ គាត់ថតទុកជា ភស្តុតាង មុនពេលបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។
ក្រោយទទួលបានព័ត៌មានភ្លាម
លោកស្នងការ បានបញ្ជាកម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងស្រុកស្អាង
និងកម្លាំងប៉ុស្តិ៍តាលន់ បើកប្រតិបត្តិការស្រាវជ្រាវ រហូតទទួលបានលទ្ធផល គឺ ជាករណីហិង្សាដោយចេតនា
មានស្ថានទម្ងន់ទោសនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ ជនរងគ្រោះ មានចំនួន០២នាក់៖
១- ឈ្មោះ រស់ រិទ្ធី
ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរមានទីលំនៅក្នុងភូមិឃុំកើតហេតុ (ជាអ្នកឌុប) ២-ឈ្មោះ
វ៉ាន់ ចាន់សល់ ភេទស្រីអាយុ២១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិលេខ4 ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល ជិះខាងក្រោយ របួសធ្ងន់ ដោយជាប់ កណ្តៀវនៅលើខ្នង។
ចំណែកជនសង្ស័យ មានគ្នីគ្នាចំនួន០២នាក់៖
១- ឈ្មោះ ថុល កន ភេទប្រុសអាយុ២៩ឆ្នាំ
ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ វិជ្ជមាននូវសារធាតុញៀនមានទីលំនៅក្នុងភូមិទួលក្តី
ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ជាជនដៃដល់ យកកណ្តៀវ គប់លើស្ត្រីរងគ្រោះ ត្រូវបានឃាត់ខ្លួន
២-ឈ្មោះ វ៉ាន្នី ស៊ី ភេទប្រុសអាយុ២៦ឆ្នាំ(រត់គេចខ្លួន)។
លោកស្នងការ បានបញ្ជាក់បន្ថែមថា÷នៅមុនវេលាកើតហេតុបន្តិច
ជនរងគ្រោះទាំងពីរនាក់ បានជិះម៉ូតូ ឌុបគ្នាចេញពីផ្ទះនៅឃុំប្រាសាទ ដោយឈ្មោះ រស់ រិទ្ធី ជាអ្នកឌុប
ដើម្បីទៅហូបបង្អែមនៅឃុំត្រើយស្លា ពេលហូបរួច ក៏បានជិះម៉ូតូត្រឡប់មកផ្ទះវិញ ។
ពេលមកដល់ចំណុចកើតហេតុ បានជិះជួបជាមួយជនសង្ស័យដែលកំពុងជិះតាមរកក្មេង ៗ ដែលជេរពួកខ្លួន រួចបានឃើញម៉ូតូជនរងគ្រោះជិះបញ្រ្ចាសគ្នា,
ជនសង្ស័យ បាន ឈប់ម៉ូតូដោយស្មានច្រឡំ ថាជាក្មេងទាំងនោះ ក៏បានយកណ្ដៀវគប់ បណ្ដាលឲ្យត្រូវ ស្ត្រីរងគ្រោះ ចំក្រោយខ្នងជាប់ផ្លែកណ្តៀវ
នៅនិងខ្នងតែម្ដង។ ពេលធ្វើសកម្មភាព រួចជន សង្ស័យទាំងពីរនាក់ បានជិះគេចខ្លួនបាត់។
បន្ទាប់មក ជនរងគ្រោះបានជិះឌុបគ្នាទៅប្រាប់បងប្អូននិងប្ដឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍
តាលន់ រួចបានបញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យលោកសង្ឃដើម្បីព្យាបាល។
លុះដល់ថ្ងៃទី២០ ខែកក្កដា
ឆ្នាំ២០២៦សមត្ថកិច្ច បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ថុល កន
ចំណែកជនសង្ស័យឈ្មោះ វ៉ាន្នី ស៊ឺ បានគេចខ្លួន។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាព យកកណ្ដៀវគប់ជនរងគ្រោះត្រូវចំខ្នងពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកជនសង្ស័យរត់គេចខ្លួនជំនាញកំពុងស្វែងរកបន្ត៕ ដោយ៖ប៉ែនឆន