ភ្នំពេញ៖ ជនបរទេសចំនួន១៣នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ ឃាត់ខ្លួន ព្រមទាំងដកសម្ភារៈប្រព្រឹត្តបទល្មើសមួយចំនួន ដែលសង្ស័យមានពាក់ព័ន្ធករណីឆក់បោកតាមប្រព័ន្ធបច្ចេកវិទ្យា(SCAM ONLINE ) 

លោកជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថានៅថ្ងៃព្រហស្បតិ៍ទី៩ ខែកក្កដា ២០២៦ ដោយអនុវត្តបទបញ្ជារបស់ឯ.ឧ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និង បន្ទាប់ពីមានការតាមដាននិងឃ្លាំមើលប៉ុន្មានថ្ងៃកន្លងមក គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងចំរុះគណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌ  ចុះពិនិត្យជាក់ស្ដែងនៅបុរីវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ចំនួន៥ផ្ទះ និង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ១៣នាក់ ស្រី ០១នាក់។ ក្រោយការត្រួតពិនិត្យកម្លាំងជំនាញ បានរកឃើញមានពាក់ព័ន្ធនិងបទល្មើសSCAM ONLINE ពិតប្រាកដមែន។ បច្ចុបន្ន ជនបទបរទេសខុសច្បាប់ និង សម្ភារៈពាក់ព័ន្ធទាំងនេះ ត្រូវបានប្រគល់ជូនកម្លាំងជំនាញរបស់ស្នងការនគរបាលរាជធានីភ្នំពេញដើម្បី បន្តនីតិវិធី ទៅតាមផ្លូវច្បាប់៕ម៉េង ធា