បំឡែងអាគុយឆក់ត្រី ចៃដន្យឆក់ស្លាប់ខ្លួនឯងនៅក្នុងបឹង
កណ្តាល៖ជនរងគ្រោះម្នាក់ បានស្លាប់បាត់បង់ជីវិត
ដោយបំឡែងភ្លើងអាគុយ ១២វ៉ុល ជាមួយដុំអាំងវិចទរ័ ឡើងដល់
២២០វ៉ុលដើម្បីឆក់ត្រីយកមកធ្វើម្ហូប ហើយ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ០១និង៣០នាទីរំលងអាធ្រាត ឆ្លងចូលថ្ងៃទី០១ ខែកក្កដា
ឆ្នាំ២០២៦ នៅចំណុចបឹងរាំងតាតូច ស្ថិតក្នុងភូមិព្រែកលួង សង្កាត់ព្រែកលួង
ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។
លោកវរៈសេនីយត្រី ហេង សេងហៀង នាយប៉ុស្តិ៍នគរបាលរដ្ធបាលព្រែកលួង
បានឲ្យដឹងថាបុរសជាជនរងគ្រោះមានឈ្មោះ ម៉ិច ចាន់រី អាយុ៤៤
ឆ្នាំ (ស្លាប់) ជនជាតិខ្មែរ មុខរបរនេសាទត្រី មានទីលំនៅក្នុងភូមិសង្កាត់កើតហេតុ
។ ចំណែកស្លាកស្នាមនិងវត្ថុតាងរួមមាន៖ អាគុយ ៤០ អំពែរ័
ចំនួន០១គ្រឿង -ដុំអាំងវិចទរ័បំឡែងភ្លើង០១គ្រឿង-ដងឆក់ធ្វើអំពីឬស្សីពីងពុង
ចំនួន០២ដើម ខាងចុងជាដែក- និងខ្សែភ្លើងប្រវែង ០៣ម៉ែត្រ ។
លោកនាយប៉ុស្តិ៍ បន្តទៀតថា នៅវេលាកើតហេតុ ក្រោយទទួលបានព័ត៌មានភ្លាម លោក បានគោរពរាយការណ៍ជូនលោកអធិការក្រុងអរិយក្សត្រ
បញ្ជាឲ្យកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍ អាជ្ញាធរមូលដ្ធាននិងលោកគ្រូពេទ្យ
ចុះទៅពិនិត្យដល់កន្លែង កើតហេតុ។
តាមការបំភ្លឺរបស់សាក្សី ឈ្មោះ ញ៉ក់ ចាន់ថុល ភេទប្រុសអាយុ៤៤ឆ្នាំ
ដែលទៅបូមទឹកដាក់ស្រូវ នៅមុនកើតហេតុ
គឺឃើញជនរងគ្រោះបានទៅឆក់ត្រីនៅខាងក្រោយការដ្ឋានបូមខ្សាច់ ហើយ ឈ្មោះ ខែម
ក៏កំពង់ដើររកជនរងគ្រោះ ទើបអ្នកទាំងពីរ បាននាំគ្នាដើររកជនរងគ្រោះ
ដោយស្រែកហៅឈ្មោះផងក៏មិនលឺតបឆ្លើយ និងក៏បានដើររកដល់កន្លែងជនរងគ្រោះឆក់ត្រី
ក៏បានឃើញភ្លើងពិលបញ្ចាំងឡើងលើនិងក៏បានឃើញជនរងគ្រោះដួល
ផ្កាប់មុខរបូតភ្លើងពិលចេញពីក្បាល អាគុយធ្លាក់មកចំហៀងខ្លួន។
ពួកគាត់ក៏បានយកឈើ
ឆ្កឹះខ្សែភ្លើងចេញ និង បានចុះទៅស្រង់ជនរងគ្រោះឡើងមកលើគោក ជួយធ្វើចលនាបេះដូង
តែជនរងគ្រោះ បានស្លាប់បាត់ទៅហើយ! ទើបទៅហៅសាច់ញ្ញាតិ
និងរាយការណ៍ជូនអាជ្ញាធរនិងសមត្ថកិច្ច ។
ក្រោយសមត្ថកិច្ចជំនាញ
ពិនិត្យធ្វើកោសល្យវិច្ច័យ និងយោងលោកគ្រូពេទ្យ បានដាក់ សេចក្តីសន្និដ្ធានថា ជនរងគ្រោះស្លាប់ដោយសារ
ឆក់ចរន្តអគ្គីសនីបំឡែងអាគុយ ឆក់ត្រី ។ សាកសពជនរងគ្រោះ
ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ប៉ែនឆន