បុរសម្នាក់ ស្រវឹងបើករថយន្តរ៉េចង្កូតជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉កដឹកបន្លែ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

National • July 21, 2026
បុរសម្នាក់ ស្រវឹងបើករថយន្តរ៉េចង្កូតជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉កដឹកបន្លែ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

 

ភ្នំពេញ៖បុរសម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គោះបន្ទាន់ភ្លាមៗ ក្រោយពេលបើកម៉ូតូសណ្តោងរ៉ឺម៉កដឹកបន្លែយកទៅលក់ ត្រូវរថយន្តម៉ាកកាមរីមួយគ្រឿង បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងរ៉េចង្កូតជ្រុលទៅបុកចំពីមុខពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង1:30នាទី រំលងអាធ្រាតឈានចូលទៅថ្ងៃទី21 ខែកក្កដាឆ្នាំ 2026 ស្ថិតនៅលើផ្លូវបេតុងក្នុង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីបុរសម្នាក់ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញម៉ូតូសណ្ដោងរ៉ឺម៉កដឹកបន្លែមួយគ្រឿង បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទិសដៅពីត្បូងទៅជើង។ លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានរថយន្តបង្កមួយគ្រឿងម៉ាក Camry ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2Y-7267 បើកបរដោយបុរសម្នាក់ធ្វើដំណើរទិសដៅបញ្រ្ចាសគ្នាពីជើងទៅត្បូងក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹងក៏រ៉េចង្កូតមកខាងឆ្វេងដៃចូលគន្លងផ្លូវជ្រុលទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កចំពីមុខពេញទំហឹងបណ្ដាលឲ្យអ្នកបើកបររ៉ឺម៉ក រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកអ្នកបើករថយន្តបង្ក ត្រូវសមត្ថកិច្ចឃាត់ខ្លួន។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ខណ្ឌដង្កោចុះមកដល់រួចវាស់វែងយករថយន្តនិងម៉ូតូសណ្ដាងរ៉ឺម៉កទៅរក្សាទុកជាបណ្តោះអាសន្នរង់ចាំភាគីសងខាងដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ ៖សាមេត






x Enlarged Image