អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធរក្សាទុកនិងប្រើប្រាស់គ្រឿងញៀន

National • July 30, 2026
អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធរក្សាទុកនិងប្រើប្រាស់គ្រឿងញៀន

 

ភ្នំពេញ៖ ជនសង្ស័យចំនួន៤នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញសហការជាមួយអាវុធហត្ថខខណ្ឌមានជ័យ និង ខណ្ឌដង្កោ ឃាត់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធរក្សាទុកនិងប្រើប្រាស់គ្រឿងញៀន។

តាមកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហាញមុខជនសង្ស័យចំនួន ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ២ករណីផ្សេងគ្នា បន្ទាប់ពីត្រូវបានឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្នុងនោះ ជនសង្ស័យ ០៣នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការនិងជនសង្ស័យ០១នាក់ទៀត ត្រូវបញ្ជូនទៅបញ្ជូនទៅមជ្ឈមណ្ឌលកែប្រែផ្តាច់សារធាតុញៀន។

 ការបង្រ្កាបគ្រឿងញៀនទាំង០២ករណី រួមមាន៖

ករណីទី១៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានចុះបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណី រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។

   ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចខ្ទម​ទុក​ចោល​ ភូមិព្រែកទាល់​ សង្កាត់ស្ទឹងមានជ័យ​ទី២​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។ វត្ថុតាងចាប់យកមាន៖ក្រាមសថ្លាចំនួន ០៤កញ្ចប់, ដបសម្រាប់ជក់គ្រឿងញៀនចំនួន១ រួមនឹងសម្ភារមួយចំនួនទៀត។

ជនសង្ស័យទាំងបីនាក់ រួមមាន៖១.ឈ្មោះ កែវ សុធា អាយុ ៤០ឆ្នាំ, ២.ឈ្មោះ ម៉េង ថាវរី អាយុ ៣០ឆ្នាំ, ៣.ឈ្មោះ វី ដាវីន អាយុ ២១ឆ្នាំ។ 

 ករណីទី២៖ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ អាវុធហត្ថរាជធានីភ្នំពេញ នៅវេលាម៉ោង ០៧:៤៥នាទី ថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋប្តឹងថាមានករណីបុរសម្នាក់ឈ្មោះ លី វីណា ភេទប្រុស អាយុ ២៨ឆ្នាំ មានសភាពបែកថ្នាំ ធ្វើសកម្មភាពអុកឡុក និងបង្កហិង្សាក្នុងគ្រួសារនៅចំណុចភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ភ្លាមៗបន្ទាប់ពីទទួលបានបណ្ដឹងខាងលើ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌដង្កោ បានចុះដល់ទីតាំងកើតហេតុ ធ្វើអន្តរាគមន៍ឃាត់ខ្លួនជនបង្កបញ្ជូនទៅមជ្ឈមណ្ឌលកែប្រែផ្តាច់សារធាតុញៀនស្រុកកណ្ដាលស្ទឹង៕ម៉េង ធា






x Enlarged Image