បើករថយន្តបុកក្បាលរបាំងថ្មចែកទ្រូងផ្លូវ បែកកង់និងបាក់កាឡេខាងឆ្វេងទៅមុខលែងរួច

July 16, 2026
បើករថយន្តបុកក្បាលរបាំងថ្មចែកទ្រូងផ្លូវ បែកកង់និងបាក់កាឡេខាងឆ្វេងទៅមុខលែងរួច

       កណ្តាល៖ រថយន្ត០១គ្រឿង បានរងគ្រោះថ្នាក់ចរាចរណ៍ ដោយតៃកុងបើកបុក ក្បាលរបាំងថ្មចែកទ្រូងផ្លូវបែកកង់ និងបាក់កាឡេកង់ខាងមុខផ្នែកខាងឆ្វេងទៅមុខលែងរួច រងការខូចខាតធ្ងន់  ហើយហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៩និង១៥នាទី ថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២៦ នៅចំណុច លើផ្លូវជាតិលេខ21ទួលក្រសាំង ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

       សមត្ថកិច្ចប៉ុស្តិ៍រកាខ្ពស់ និងសមត្ថកិច្ចជំនាញក្រុង ដែលចុះអន្តរាគមន៍ បានប្រាប់ឲ្យដឹងថា នៅវេលាកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកAMAROK ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ2BC- 1883 (តៃកុងបានគេចចេញពីទីតាំងកើតហេតុ) បើកបរក្នុងទិសដៅពីលិចទៅកើត (តាខ្មៅ- ឈូងលៀប) បានបុកក្បាលរបាំងថ្មចែកទ្រូងផ្លូវ បណ្តាលឲ្យខ្ទាតចេញ ទៅផ្នែកខាងឆ្វេង ចម្ងាយ០៤ម៉ែត្រ  ចំណែករថយន្តបានជ្រុលទៅមុខ ចម្ងាយ៨០ម៉ែត្រ បែកកង់ និងបាក់កាឡេកង់ខាងមុខផ្នែកខាងឆ្វេង ទៅមុខលែងរួច ។

   ក្រោយកើតហេតុ សមត្ថកិច្ច បានចុះអន្តរាគមន៍ ដើម្បីបញ្ចៀសចរាចរណ៍នៅពេលយប់ និងបានទំនាក់ទំនងទៅមន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត យករថយន្តមកស្ទូច ក្បាលរនាំងថ្ម ចែកទ្រូងផ្លូវភ្ជាប់ទៅកន្លែងដើមវិញនិងបានយករថយន្តសណ្តោងមួយគ្រឿងទៀត ស្ទូចសណ្តោងរថយន្តបង្ក យកទៅរក្សាទុកនៅមន្ទីរសាធារណការនិងដឹកជញ្ជូន ដើម្បីឲ្យសម៉ីជាម្ចាស់រថយន្ត  ចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់នូវការខូចខាតសម្បត្តិសាធារណ:របស់រដ្ធ ។

    គួររំលឹកផងដែរថាទីតាំងកើតហេតុ គឺធ្លាប់មានរថយន្តបើកបុកនៅពេលយប់ និងធ្លាប់មានរថយន្តបុកឆេះរថយន្ត ឆេះទាំងមនុស្ស០២នាក់ស្លាប់ខ្លោចក្នុងរថយន្ត  កាលពីឆ្នាំចាស់កន្លងទៅ។ ចំណែកក្បាលរបាំងថ្មចែកទ្រូងផ្លូវ មានទម្ងន់ធ្ងន់ដែលមនុស្សពេញកម្លាំង១០នាក់ គឺមិនអាចលើកដោយដៃទទេរួចនោះឡើយ  ហើយក្នុងហេតុការណ៍លើកនេះ មិនបណ្តាលឲ្យរងរបួសគ្រោះថ្នាក់ដល់មនុស្សនោះទេ  ៕ ដោយ៖ប៉ែន ឆន





 

x Enlarged Image