អាជ្ញាធរជាតិអប្សរា កំពុងជួសជុលច្រាំងកសិន្ធុ*ជ្រុងខាងជើងប្រាសាទអង្គរវត្តប្រវែង២០ម៉ែត្រ
សៀមរាប៖
ច្រាំងកសិន្ធុ*ជ្រុងខាងជើងប្រាសាទអង្គរវត្តចំនួន២០ម៉ែត្រ កំពុងទទួលបានការជួសជុល
និង ពង្រឹងរចនាសម្ព័ន្ធឡើងវិញ
ស្របទៅតាមគោលការណ៍បច្ចេកទេសត្រឹមត្រូវពីក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា។
លោកស្រី
នង បូរ៉ាវី បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា នេះជាដំណាក់កាលទី៩ហើយ
នៃគម្រោងជួសជុលច្រាំងកសិន្ធុជ្រុងខាងជើងប្រាសាទអង្គរវត្ត
ខណៈដែលគម្រោងនេះបានចាប់ផ្តើម ពីឆ្នាំ២០១៣មក។
ជាប្រចាំឆ្នាំ
អាជ្ញាធរជាតិអប្សរាតាមរយៈនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា
បានលើកគម្រោងជួសជុលជាដំណាក់កាលៗ ដែលក្នុងមួយដំណាក់កាលមានប្រវែង២០ម៉ែត្រ
ក្នុងបំណងដើម្បីលើកតម្លៃ និងសោភ័ណភាពច្រាំងកសិន្ធុនេះឡើងវិញ។
មកដល់ឆ្នាំ២០២៦នេះ
គម្រោងជួសជុលសរុបមានចំនួន ១៨៣ម៉ែត្រហើយ។ សម្រាប់គម្រោងជួសជុលដំណាក់កាលទី៩នេះ
បានចាប់ផ្តើមដំណើរការនៅពាក់កណ្តាលឆ្នាំ ២០២៦ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ ។
លោកស្រី នង បូរ៉ាវី បានពន្យល់ថា ស្ថានភាពការខូចខាតនៅច្រាំងកសិន្ធុនេះ បណ្តាលមកពីអាយុកាល
ប្រទេសមានសង្រ្គាម នាំឲ្យខ្វះការថែទាំ បណ្តាលឲ្យគ្រឹះខាងក្រោមខូចខាត
ធ្វើឲ្យថ្មនៅប៉ែកខាងលើរលុះស្រុតបាត់បង់រចនាសម្ព័ន្ធដើម។
កត្តារុក្ខជាតិ
និងដើមឈើធំៗដុះតាមបណ្តោយច្រាំងពីដើម ក៏ជាកត្តាបង្កហានិភ័យរុញ
និងញែកថ្មឲ្យខូចទម្រង់ដើមផងដែរ។
ចំពោះការងារជួសជុលនេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាបានរើថ្ម ជួសជុលថ្ម
ធ្វើទំនប់ បុកបង្ហាប់ដី និងរៀបចំថ្មទៅតាមទម្រង់ដើមវិញ ។ ច្រាំងកសិន្ធុ* នេះ មានកាំថ្មបាយក្រៀមខាងក្រោម៧កាំ
និងថ្មភក់ចំនួន ៣កាំ។
លោកស្រី
នង បូរ៉ាវី មានសុទិដ្ឋិនិយមថា
ក្រោយពេលជួសជុលរួចរាល់នឹងជួយលើកតម្លៃច្រាំងកសិន្ធុអង្គរវត្តឲ្យកាន់តែស្រស់ស្អាត
និងទាក់ទាញភ្ញៀវទេសចរចូលទៅអង្គុយទស្សនា ផ្តិតរូបភាពកាន់តែច្រើនបន្ថែមទៀត៕
*ពាក្យគន្លឹះ៖ *កសិន្ធុ អានថា«កាក់-សិន»