អ្នកទេសចរចំនួន៣នាក់ ចុងក្រោយ ដែលបានជាប់គាំងលើភ្នំរយៈពេល២ថ្ងៃ ត្រូវបាន មន្រ្តីឧទ្យានុរក្សនិងប្រជាសហគមន៍ បានសម្រួលចុះមកក្រោមវិញប្រកបដោយសុវត្ថិភាព
កំពង់ស្ពឺ៖
អ្នកទេសចរចំនួន៣នាក់ចុងក្រោយ ដែលបានជាប់គាំងនៅលើតំបន់ភ្នំខ្នង ផ្សារចំនួន២ថ្ងៃ
ត្រូវបានជម្លៀសនិងចុះមកដល់ជើងភ្នំ ដល់ភូមិតាំងបំពង់ ឃុំតាសាល
ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ ដោយសុវត្ថិភាពទាំងអស់ហើយ បន្ទាប់ពីមានកិច្ចអន្តរាគមន៍
និងជួយសង្គ្រោះយ៉ាងសកម្មពីមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរ
មូលដ្ឋាន និងប្រជាសហគមន៍។
គិតត្រឹមម៉ោង២និង៥នាទីរសៀល
ថ្ងៃទី១៤ ខែកក្កដា ២០២៦ ទឹកជំន់ទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក នៅតំបន់ភ្នំខ្នងផ្សារ
បានស្រកអស់ច្រើន។ ប្រជាពលរដ្ឋអាចធ្វើដំណើរបាន និងឆ្លងម៉ូតូបានជាធម្មតា
ដោយសាររយៈពេលនេះ ពុំ មានភ្លៀងទៀតទេក្នុងតំបន់នោះ។ អ្នកទេសចរចំនួន៣នាក់ ចុងក្រោយ
ដែលបានជាប់គាំងលើភ្នំរយៈពេល២ថ្ងៃកន្លងមកនេះ
ត្រូវបានមន្រ្តីឧទ្យានុរក្សនិងប្រជាសហគមន៍
បានសម្រួលចុះមកក្រោមវិញប្រកបដោយសុវត្ថិភាព។ ដោយឡែក មធ្យោបាយធ្វើដំណើរ
មានរថយន្តចំនួន៤គ្រឿង ដែលស្ថិតក្នុងជើងភ្នំ មិនអាចបញ្ជូនមកដល់ភូមិនៅឡើយ។
សូមបញ្ជាក់ផងដែរថាជំនន់ទឹកភ្លៀង
បានកើតឡើងនៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២៦ នៅតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ និង បានប៉ះពាល់ទេសចរចំនួន
៥៥១នាក់ បានជាប់គាំងមិនអាចចុះពីលើភ្នំបាន ដោយសារទឹកហូរធ្លាក់ខ្លាំង។
ប៉ុន្តែជាបន្តបន្ទាប់
ចាប់ពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ពេកនេះ ឯកឧត្តម បណ្ឌិត អ៊ាង
សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានណែនាំឱ្យមន្ត្រីឧទ្យានុរក្ស សហការ
ជាមួយអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ ក្នុងសហគមន៍តំបន់ការពារធម្មជាតិ រលាក់កងជើង
ចុះអន្តរាគមន៍នាំយកទេសចរទាំងអស់ មកកាន់ទីតាំងសុវត្ថិភាព និងផ្តល់
ការស្នាក់នៅបណ្ដោះអាសន្ននៅ «តំបន់លំហែបៃតងដំណាក់ដំរី» ដោយរៀបចំស្បៀង អាហារ និងកន្លែងស្នាក់នៅជូន រហូតដល់ស្ថានភាពអំណោយផល
ទើបបន្តមកកាន់ ភូមិតាំងបំពង់ ។
រហូតមកទល់ពេលនេះ
ទេសចរនិងប្រជាពលរដ្ឋនៃសហគមន៍មូលដ្ឋាន ត្រូវបានជួយ សង្គោះនិងសម្រួលចុះពីលើភ្នំខ្នងផ្សារ
និងមកដល់ទីទួលសុវត្ថិភាពអស់់ហើយ។
ក្រសួងបរិស្ថាន
បន្តតាមដាននិងរចូលរួមសហការ ជាមួយអ្នកពាក់ព័ន្ធ ជាពិសេស ភ្ញៀវទេសចរទាំងអស់
ដើម្បីធានាសុវត្តិភាពសម្រាប់ការធ្វើដំណើរកម្សាន្តនៅតាមតំបន់ព្រៃភ្នំ ក្នុង
រដូវវស្សានេះ៕ ប៊ុនធឿន