អ្នកនាង ម៉េង កែវពេជ្ជតា បង្ហាញមោទកភាព ខណៈកូនប្រុសច្បងបួសជាភិក្ខុ ក្រោយបញ្ចប់ការសិក្សានៅប្រទេសបារាំង
តារាចម្រៀងជើងចាស់ដ៏ល្បីល្បាញ អ្នកនាង ម៉េង
កែវពេជ្ជតា បានបង្ហាញអារម្មណ៍ពោរពេញដោយមោទកភាព និងសេចក្តីសោមនស្ស
បន្ទាប់ពីកូនប្រុសច្បងរបស់អ្នកនាង បានសម្រេចចិត្តចូលបួសជាភិក្ខុ
ដើម្បីបំពេញកត្តញ្ញូ និងសាងកុសល
ក្រោយពីបានបញ្ចប់ការសិក្សានៅប្រទេសបារាំងអស់រយៈពេលជាច្រើនឆ្នាំ។
តាមការបង្ហោះរបស់អ្នកនាង ម៉េង កែវពេជ្ជតា
បានឱ្យដឹងថា គិតមកដល់ពេលនេះ លោក រតនៈ បានបួសអស់រយៈពេល ២ ថ្ងៃហើយ។
ក្នុងឱកាសនោះ អ្នកនាង រួមជាមួយកូនៗ បាននាំយកភេសជ្ជៈ និងបច្ច័យដែលបានមកពីអ្នកគាំទ្រ
ទៅប្រគេនដល់លោកកូន ដើម្បីចូលរួមក្នុងបុណ្យកុសល។
អ្នកនាងក៏បានថ្លែងអំណរគុណដល់បងប្អូន ដែលបានចំណាយពេលមកចូលរួមពិធីបួសលោករតនៈ
ព្រមទាំងបានប្រគេនបច្ច័យ
ដើម្បីភ្ជាប់និស្ស័យក្នុងការធ្វើបុណ្យកត្តញ្ញូជាមួយក្រុមគ្រួសារផងដែរ។
ក្រោយការចែករំលែកដំណឹងនេះ
អ្នកគាំទ្រជាច្រើនបានចូលទៅបញ្ចេញមតិអបអរសាទរ
និងសរសើរចំពោះការសម្រេចចិត្តរបស់លោករតនៈ ដោយចាត់ទុកថា
ការចូលបួសក្រោយបញ្ចប់ការសិក្សា គឺជាការបំពេញកត្តញ្ញូដ៏ប្រពៃ
និងជាគំរូល្អសម្រាប់យុវជន។ ជាមួយគ្នានោះ មហាជនក៏បានជូនពរឱ្យលោករតនៈ ទទួលបានបុណ្យកុសល
សេចក្តីសុខ និងសម្រេចបាននូវគោលបំណងក្នុងផ្លូវព្រះពុទ្ធសាសនា។
ការចូលបួសរបស់លោករតនៈ មិនត្រឹមតែនាំមកនូវសេចក្តីរីករាយ និងមោទកភាពដល់ក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានការកោតសរសើរ និងការគាំទ្រពីអ្នកគាំទ្រ និងមហាជនជាច្រើន ដែលបានចាត់ទុកថា ជាទង្វើដ៏ប្រពៃ ស្របតាមទំនៀមទម្លាប់ និងគន្លងព្រះពុទ្ធសាសនារបស់ខ្មែរ។