កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើងចំនួន០៥នាក់ បង្ហោះម៉ូតូតាមផ្លូវសាធារណៈ កោសក់ ដកហូតម៉ូតូរក្សាទុក៣ខែ
កំពង់ស្ពឺ៖
ក្មេងទំនើងចំនួន៥នាក់ មានចំនួន២ក្រុម
ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន និងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង
ធ្វើការស្រាវជ្រាវឃាត់ខ្លួន ខណៈដែលក្រុមក្មេងទំនើង ធ្វើសកម្មភាពបង្ហោះម៉ូតូចែកចាយតាមបណ្ដាញសង្គម
Facebook ធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈនិងសង្គម។
ការឃាត់ខ្លួនក្រុមក្មេងទំនើង
បានធ្វើឡើងកាលពីថ្ងៃទី១៩-២០ ខែកក្កដា ឆ្នាំ២០២៦ នៅទីតាំងចំនួនពីរ ផ្សេងគ្នា គឺក្នុងភូមិសាស្ត្រ
ក្រុងច្បារមននិងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោយពីទទួលបានបណ្ដឹងពីប្រជាពលរដ្ឋ
តាមរយៈលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់១២៩២
ពាក់ព័ន្ធករណីក្រុមក្មេងទំនើងធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ
បង្កការរំខានដល់ប្រជាពលរដ្ឋ ប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និង បង្កហានិភ័យដល់សុវត្ថិភាពអ្នកប្រើប្រាស់ផ្លូវ។
មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
បានបន្តឲ្យដឹងទៀតថាចំពោះវិធានការលើក្មេងទំនើង មាន៖ កោសក់ លោតកង្កែប ធ្វើអនាម័យ និង
ហៅឱ្យអាណាព្យាបាលធ្វើកិច្ចសន្យាយកទៅអប់រំបន្ត ចំណែកមធ្យោបាយម៉ូតូត្រូវបានដកហូតរក្សាទុករយៈពេល៣ខែ
ឬស្មើនិង៩០ថ្ងៃ ទើបប្រគល់ឱ្យយកទៅប្រើប្រាស់វិញ។
កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
សូមអំពាវនាវដល់យុវជន និងប្រជាពលរដ្ឋទាំងអស់ សូមបញ្ឈប់សកម្មភាពបង្ហោះម៉ូតូ
ប្រណាំងយានយន្តខុសច្បាប់ ឬ សកម្មភាពផ្សេងៗ ដែលផ្ទុយនិងច្បាប់ ព្រោះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត
ទ្រព្យសម្បត្តិរបស់ខ្លួន និងអ្នកដទៃ ព្រមទាំងប៉ះពាល់ដល់សណ្ដាប់ធ្នាប់
និងសុវត្ថិភាពសាធារណៈ ។
សូមប្រជាពលរដ្ឋ បន្តចូលរួមសហការរាយការណ៍ព័ត៌មាន ឬ ហេតុការណ៍ផ្សេង ៗតាម រយៈលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់១២៩២ ដើម្បីឱ្យកម្លាំងកងរាជអាវុធហត្ថអាចចុះអន្តរាគមន៍បានទាន់ពេលវេលា និងរួមគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមឱ្យកាន់តែល្អប្រសើរ ៕ប៊ុនធឿន