ភ្នំពេញ៖
សង្វៀនជល់មាន់ លួចលាក់នៅក្នុងផ្ទះមួយកន្លែង ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានរាជធានីភ្នំពេញ
សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម
ចុះបង្រ្កាប ដោយឃាត់ខ្លួនអ្នកញៀនល្បែង ចំនួន១០នាក់និងដករហូតម៉ូតូ៦គ្រឿង ។
ការបង្ក្រាបល្បែងស៊ីសងនេះ
ធ្វើឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងផ្ទះមួយកន្លែង
នៅក្នុងភូមិគោកព្រិច សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមនគរបាលបានឱ្យដឹងថា ម្ចាស់ទីតាំងនោះ ឈ្មោះយ៉ុម បានលួចលាក់ជល់មាន់ជាយូរមកហើយ។
ដោយមានការស្រាវជ្រាវពីកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានរាជធានីភ្នំពេញ
បានធ្វើការស្រាវជ្រាវ រហូតកំណត់បានទីតាំងជល់មាន់មួយនេះដោយជាក់លាក់ ហើយ ក៏សហការជាមួយកម្លាំងអធិការរដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ
និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម ចុះបង្រ្កាបតែម្ដង ។ នៅក្នុងហេតុការណ៍នោះ
ក្រុមអ្នកញៀន ល្បែងបានរត់ប្រសាច ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានចំនួន១០នាក់ និង
ដកហូតម៉ូតូ៦គ្រឿង និងវត្ថុតាងមួយចំនួនផ្សេងទៀតផងដែរ ។
ក្រុមអ្នកញៀនល្បែងនិងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់ ៕ ម៉េង ធា
