រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ធ្វើបទបង្ហាញស្តីពីអភិបាលកិច្ចនៃការថែរក្សា ការពារ និងគ្រប់គ្រងសម្បត្តិវប្បធម៌និងអត្តសញ្ញាណជាតិ

July 02, 2026
រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ធ្វើបទបង្ហាញស្តីពីអភិបាលកិច្ចនៃការថែរក្សា ការពារ និងគ្រប់គ្រងសម្បត្តិវប្បធម៌និងអត្តសញ្ញាណជាតិ

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមកិច្ចប្រជុំធ្វើបទបង្ហាញ និងពិភាក្សា ក្នុងក្របខណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ស្តីពីអភិបាលកិច្ចនៃការថែរក្សា ការពារ និងគ្រប់គ្រងសម្បត្តិវប្បធម៌និងអត្តសញ្ញាណជាតិ

នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅវិមានសន្តិភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមកិច្ចប្រជុំធ្វើបទបង្ហាញ និងពិភាក្សា ក្នុងក្របខណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលដឹកនាំដោយ លោកជំទាវ ហ៊ាង ដាលីន ប្រធានប្តូរវេននៃឧត្តមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ 

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិគ្រោះយោបល់ផ្តល់ធាតុចូលលើបរិបទជាក់ស្តែងនានា ក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ក្រសួង វប្បធម៌និងវិចិត្រសិល្បៈ ជាពិសេសពាក់ព័ន្ធជាក់ស្តែងអំពីវឌ្ឍនភាពនៃអភិបាលកិច្ចចំពោះកិច្ចការ ថែរក្សា ការពារ និងគ្រប់គ្រងសម្បត្តិវប្បធម៌ និងអត្តសញ្ញាណជាតិប្រកបដោយចីរភាព និងបរិយាបន្ន ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមវប្បធម៌ ដែលលើកឡើងដោយប្រតិភូគណបក្សនីមួយៗ នៃឧត្តមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។