ព័ត៌មានសិល្បៈកំសាន្តអន្តរជាតិពេលព្រឹកប្រចាំថ្ងៃ ក្រុមចម្រៀង BTS បំបែកកំណត់ត្រាពិភពលោកម្ដងទៀតក្នុងតារាងចំណូលការប្រគំតន្ត្រីទេសចរណ៍ Billboard ដោយរកចំណូលបាន

July 02, 2026
ព័ត៌មានសិល្បៈកំសាន្តអន្តរជាតិពេលព្រឹកប្រចាំថ្ងៃ ក្រុមចម្រៀង BTS បំបែកកំណត់ត្រាពិភពលោកម្ដងទៀតក្នុងតារាងចំណូលការប្រគំតន្ត្រីទេសចរណ៍ Billboard ដោយរកចំណូលបាន

 

ក្រុមចម្រៀងខេប៉ុប BTS បានបំបែកកំណត់ត្រាដែលបានរក្សាយ៉ាងរឹងមាំអស់រយៈពេល ៧ ឆ្នាំមកហើយរបស់ក្រុមចម្រៀងអង់គ្លេស Rolling Stones នៅលើតារាងកំពូលការប្រគំតន្ត្រីទេសចរណ៍ (Top Tours Chart) របស់ Billboard Boxscore

កាលពីថ្ងៃទី ១ ខែកក្កដា សារព័ត៌មាន Billboard បានប្រកាសថា ក្រុម BTS បានដណ្តើមបានចំណាត់ថ្នាក់លេខ ១ នៅលើតារាង Top Tours ពីរខែជាប់ៗគ្នា ធ្វើឱ្យពួកគេបានក្លាយជាសិល្បករដែលរកចំណូលបានខ្ពស់បំផុត និងលក់សំបុត្រដាច់បំផុតប្រចាំខែ ជាថ្មីម្ដងទៀត នៅក្នុងផ្នែកការប្រគំតន្ត្រីទេសចរណ៍។ យោងតាមទិន្នន័យដែលបានរាយការណ៍ទៅកាន់ Billboard Boxscore ក្រុមចម្រៀងបុរសមួយនេះអាចរកចំណូលពីការប្រគំតន្ត្រី ARIRANG World Tour បានរហូតដល់ ១២៧.៨ លានដុល្លារអាមេរិក និងលក់សំបុត្របានចំនួន ៦៤១ ០០០ សន្លឹក តាមរយៈការសម្តែងសរុបចំនួន ១២ លើក ចន្លោះថ្ងៃទី ២ ដល់ថ្ងៃទី ២៨ ខែឧសភា។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ពេលនេះ BTS បានបំបែកកំណត់ត្រាសម្រាប់ការរកចំណូលប្រចាំខែខ្ពស់បំផុតក្នុងនាមជា «ក្រុមចម្រៀង» ចាប់តាំងពីតារាងនេះត្រូវបានបង្កើតឡើងជាលើកដំបូងក្នុងឆ្នាំ ២០១៩ ដោយបានបំបែកកំណត់ត្រាចាស់របស់ក្រុមរ៉ុកជើងចាស់ The Rolling Stones ដែលធ្លាប់រកបាន ៩៥ លានដុល្លារអាមេរិក កាលពីខែសីហា ឆ្នាំ ២០១៩។

បើគិតរួមទាំងសិល្បករទោលផងនោះ ប្រាក់ចំណូលប្រចាំខែឧសភា ឆ្នាំ ២០២៦ របស់ BTS គឺខ្ពស់បំផុតលំដាប់ទីប្រាំនៅក្នុងប្រវត្តិសាស្ត្រនៃតារាងនេះ ដោយចាញ់តែទិន្នន័យរយៈពេលបីខែរបស់តារាចម្រៀងស្រី Beyoncé និងទិន្នន័យមួយខែរបស់ Kendrick Lamar & SZA ប៉ុណ្ណោះ។