កញ្ញា ប៉ូ គីមថេងសុធីតា លើកប្រធានបទ “បញ្ឈប់ការមាក់ងាយលើប្រព័ន្ធអ៊ីនធឺណិត (Cyberbullying)” ដើម្បីតស៊ូមតិក្នុងវេទិកា Miss Cosmo Cambodia 2026

Entertainment • July 29, 2026
កញ្ញា ប៉ូ គីមថេងសុធីតា លើកប្រធានបទ “បញ្ឈប់ការមាក់ងាយលើប្រព័ន្ធអ៊ីនធឺណិត (Cyberbullying)” ដើម្បីតស៊ូមតិក្នុងវេទិកា Miss Cosmo Cambodia 2026

ក្នុងនាមជាបេក្ខនារី Miss Cosmo Cambodia 2026 កញ្ញា ប៉ូ គីមថេងសុធីតា (Sothida Pokimtheng) បានជ្រើសរើសប្រធានបទ «បញ្ឈប់ការមាក់ងាយលើប្រព័ន្ធអ៊ីនធឺណិត (Cyberbullying)» ជាគម្រោងតស៊ូមតិ (Advocacy Project) របស់ខ្លួន ដោយមានបំណងលើកកម្ពស់ការយល់ដឹង និងជំរុញឱ្យសង្គមចូលរួមបង្កើតបរិយាកាសឌីជីថលដែលពោរពេញដោយការគោរព សុវត្ថិភាព និងការយល់ចិត្តគ្នាទៅវិញទៅមក។

ស្របទៅនឹងទស្សនវិស័យរបស់ Miss Cosmo Cambodia ដែលលើកទឹកចិត្តឱ្យស្ត្រីសម័យថ្មីក្លាយជាអ្នកដឹកនាំការផ្លាស់ប្តូរជាវិជ្ជមានក្នុងសង្គម កញ្ញា សុធីតា ជឿជាក់ថា ពាក្យសម្ដី និងសារនីមួយៗដែលបង្ហោះលើបណ្តាញសង្គម អាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើជីវិត និងសុខុមាលភាពផ្លូវចិត្តរបស់មនុស្សម្នាក់។ ដូច្នេះ មុននឹងសរសេរ ឬចែករំលែកអ្វីមួយ គ្រប់គ្នាគួរគិតឱ្យបានម៉ត់ចត់ ព្រោះពាក្យមួយឃ្លា អាចក្លាយជាកម្លាំងលើកទឹកចិត្ត ឬក៏អាចបង្កជាស្នាមរបួសផ្លូវចិត្តដែលពិបាកជាសះស្បើយ។

តាមរយៈយុទ្ធនាការ “Think Before You Type” កញ្ញា សុធីតា មានគោលបំណងផ្សព្វផ្សាយអំពីការប្រើប្រាស់បណ្តាញសង្គមប្រកបដោយទំនួលខុសត្រូវ លើកកម្ពស់វប្បធម៌នៃការគោរពគ្នា ការបង្ហាញមតិដោយសុជីវធម៌ និងការរួមគ្នាទប់ស្កាត់ការបៀតបៀនតាមប្រព័ន្ធអ៊ីនធឺណិត ដែលកំពុងប៉ះពាល់ដល់មនុស្សជាច្រើន ជាពិសេសយុវជន និងស្ត្រី។

 

សម្រាប់កញ្ញា សុធីតា ភាពស្រស់ស្អាតពិតប្រាកដ មិនមែនវាស់វែងត្រឹមរូបរាងខាងក្រៅនោះទេ ប៉ុន្តែជាសមត្ថភាពក្នុងការប្រើប្រាស់សំឡេង និងឥទ្ធិពលរបស់ខ្លួន ដើម្បីបង្កើតការផ្លាស់ប្តូរដ៏មានន័យសម្រាប់សង្គម។ ការលើកយកប្រធានបទនេះ មិនត្រឹមតែជាការបង្ហាញពីការយកចិត្តទុកដាក់ចំពោះបញ្ហាសង្គមបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការអំពាវនាវឱ្យមនុស្សគ្រប់រូបចូលរួមបញ្ឈប់ការមាក់ងាយលើអ៊ីនធឺណិត និងរួមគ្នាសាងសង់សហគមន៍អនឡាញដែលពោរពេញដោយភាពវិជ្ជមាន ការគោរព និងក្តីមេត្តា។

គួរជម្រាបជូននេះ នេះជាការត្រឡប់មកវិញក្នុងរយៈពេល ៥ ឆ្នាំរបស់កញ្ញា ប៉ូ គីមថេងសុធីតា អតីតបវរកញ្ញាឯកដែលធ្លាប់ទទួលបានប្រជាប្រិយភាពខ្ពស់ពីសំណាក់អ្នកគាំទ្រក្នុងវិស័យបវរកញ្ញាក្នុងប្រទេសកម្ពុជា។ ការបោះជំហានមកកាន់ Miss Cosmo Cambodia ជាវេទិកាដ៏ថ្មីសន្លាងសម្រាប់តារាស្រីរូបនេះ ដែលរូបនាងបានកំពុងបង្ហាញពី Version ថ្មីរបស់ខ្លួនឱ្យមហាជនបានភ្ញាក់ផ្អើលទៀតផង។ នាងសង្ឃឹមថាពុកម៉ែបងប្អូន នឹងបន្តរួមគ្នាផ្តល់កម្លាំងចិត្តដល់រូបនាងនៅក្នុងដំណើរដ៏មានការប្រកួតប្រជែងយ៉ាងខ្លាំងនេះផងដែរ។

Miss Cosmo Cambodia 2026 បន្តបង្ហាញពីបេសកកម្មរបស់ខ្លួន ក្នុងការស្វែងរកស្ត្រីដែលមិនត្រឹមតែមានសម្រស់ និងទេពកោសល្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានចក្ខុវិស័យ ភាពក្លាហាន និងការប្តេជ្ញាចិត្តក្នុងការប្រើប្រាស់វេទិការបស់ខ្លួន ដើម្បីជំរុញការផ្លាស់ប្តូរជាវិជ្ជមានដល់សង្គម។

Miss Cosmo Cambodia 2026 នឹងប្រារព្ធរាត្រីនៃការប្រកួតបឋម នៅថ្ងៃទី ៧ ខែសីហា និងរាត្រីគ្រងម្កុដ​ នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២៦ ជាមួយនឹងការប្រកាសបើកលក់សំបុត្រចូលទស្សនាហើយ ចាប់ពីពេលនេះតទៅ៕





 

x Enlarged Image