កំពូលតារាចម្រៀង ជី ដេវីត ប្រកាសដំណើរប្រគុំតន្ត្រីទេសចរណ៍លើកដំបូងក្នុងជីវិត ក្រោមយុទ្ធនាការ “G-DEVITH GOES GLOBAL – ASIAN TOUR 2026-2027” ដើម្បីនាំតន្ត្រីខ្មែរទៅកាន់ឆាកអន្តរជាតិ

Entertainment • July 30, 2026
កំពូលតារាចម្រៀង ជី ដេវីត ប្រកាសដំណើរប្រគុំតន្ត្រីទេសចរណ៍លើកដំបូងក្នុងជីវិត ក្រោមយុទ្ធនាការ “G-DEVITH GOES GLOBAL – ASIAN TOUR 2026-2027” ដើម្បីនាំតន្ត្រីខ្មែរទៅកាន់ឆាកអន្តរជាតិ

តារាចម្រៀងដ៏មានឥទ្ធិពល និងជាអ្នកនិពន្ធបទចម្រៀងល្បីឈ្មោះ ជី ដេវីត (G-Devith) បានប្រកាសជាផ្លូវការអំពីការរៀបចំ ដំណើរប្រគុំតន្ត្រីទេសចរណ៍ (Asian Tour) លើកទី១ ក្នុងឆាកជីវិត ក្រោមយុទ្ធនាការ “G-DEVITH GOES GLOBAL – ASIAN TOUR 2026-2027” ដែលជាជំហានដ៏សំខាន់មួយក្នុងការនាំយកកិត្តិនាម សិល្បៈ និងតន្ត្រីខ្មែរទៅកាន់ទស្សនិកជននៅលើឆាកអន្តរជាតិ។

ការប្រកាសដំណើរប្រគុំតន្ត្រីលើកនេះ មិនត្រឹមតែជាសមិទ្ធផលថ្មីមួយក្នុងអាជីពសិល្បៈរបស់ ជី ដេវីត ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសញ្ញាបង្ហាញពីមហិច្ឆតាក្នុងការបង្ហាញសមត្ថភាពរបស់សិល្បករខ្មែរ និងលើកកម្ពស់តម្លៃតន្ត្រីខ្មែរ ឱ្យកាន់តែមានការទទួលស្គាល់នៅលើឆាកតំបន់ និងពិភពលោក។

ក្រោមយុទ្ធនាការ “G-DEVITH GOES GLOBAL” ដំណើរប្រគុំតន្ត្រីនេះត្រូវបានបង្កើតឡើងដោយមានចក្ខុវិស័យច្បាស់លាស់ក្នុងការភ្ជាប់អ្នកគាំទ្រខ្មែរនៅក្រៅប្រទេសជាមួយនឹងទស្សនិកជនអន្តរជាតិ តាមរយៈការសម្តែងប្រកបដោយគុណភាព ស្តង់ដារអន្តរជាតិ និងអត្តសញ្ញាណតន្ត្រីដែលមានលក្ខណៈពិសេសរបស់ G-Devith

គម្រោង Asian Tour 2026-2027 ត្រូវបានរំពឹងថា នឹងធ្វើដំណើរទៅកាន់បណ្តាប្រទេស និងទីក្រុងសំខាន់ៗជាច្រើនក្នុងតំបន់អាស៊ី ដោយនាំយកបទចម្រៀងដែលទទួលបានការគាំទ្រយ៉ាងទូលំទូលាយ រួមជាមួយការសម្តែងដ៏អស្ចារ្យ និងការផលិតឆាកកម្រិតអន្តរជាតិ ដើម្បីបង្កើតបទពិសោធន៍ថ្មីសម្រាប់អ្នកគាំទ្រគ្រប់រូប។

ការបោះជំហានទៅកាន់ឆាកអន្តរជាតិរបស់ G-Devith ក៏ជាការបញ្ជាក់ថា សិល្បករខ្មែរមានសមត្ថភាព និងសក្ដានុពលក្នុងការប្រកួតប្រជែង និងបង្ហាញអត្តសញ្ញាណវប្បធម៌ តន្ត្រី និងភាពច្នៃប្រឌិតរបស់កម្ពុជាទៅកាន់ពិភពលោក។

ព័ត៌មានលម្អិតអំពីកាលបរិច្ឆេទ ទីក្រុង និងប្រទេសដែលនឹងធ្វើការប្រគុំតន្ត្រី នឹងត្រូវប្រកាសជាបន្តបន្ទាប់តាមបណ្តាញផ្លូវការរបស់ G-DEVITH GOES GLOBAL – ASIAN TOUR 2026-2027។





 

x Enlarged Image