សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យឃុំខ្លួនលោកយឿន សុឡា ហៅ KO1បទ ហិង្សាដោយចេតនា

July 03, 2026
សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យឃុំខ្លួនលោកយឿន សុឡា ហៅ KO1បទ ហិង្សាដោយចេតនា


ភ្នំពេញ៖លោក យឿន សុឡា ហៅ KO1 ត្រូវបានចៅក្រម​ស៊ើបសួរ​សាលាដំបូងរាជធានី​ភ្នំពេញ ចេញដិកាបង្គាប់ឱ្យឃុំខ្លួនដាក់​ពន្ធនាគារ​បណ្តោះអាសន្ន នៅមណ្ឌលអប់រំកែប្រែទី១ (ម១)ព្រៃស ពីបទហិង្សាដោយចេតនា កាលពីល្ងាច​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២៦ បន្ទាប់​ពីសាក​សួរ​ពេញ​មួយ​ថ្ងៃ ​។

   យោង​តាម​ការ​ចោទប្រកាន់​ពី​បទ​.​ហិង្សា​ដោយ​ចេតនា មាត្រា ២១៧ អំពើ​ហិង្សា​ប្រព្រឹត្ត ​ដោយ​ចេតនា​លើ​អ្នក​ដទៃ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១ឆ្នាំ ទៅ ៣ឆ្នាំ និង​ពិន័យ​ ជា​ប្រាក់​ពី ២លាន ទៅ​៦លាន​រៀល​។

តាមដីកាបង្គាប់ឱ្យឃុំខ្លួន បានឲ្យដឹងថាបានឃើញដីកាសម្រេចឱ្យឃុំខ្លួនបណ្តោះ អាសន្នលេខ ៤៩១៦ “ថ” ដ.ព.ស ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ឈ្មោះ យឿន សុឡា ហៅ KO1 ភេទប្រុស កើតថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៨៥ ជនជាតិខ្មែរ សាសនាព្រះពុទ្ធ មុខរបរប្រធានក្រុមហ៊ុនអចលនទ្រព្យKO1 កម្រិតវប្បធម៌បរិញ្ញាបត្រ ទីកន្លែងកំណើត នៅឃុំព្រៃគ្រី ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៨៤ ភូមិ១៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជននេះ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ ហិង្សាដោយចេតនា ប្រព្រឹត្តនៅ ចំណុចក្រុមហ៊ុនខេ០១ រៀលអីស្ទេត ឯ.ក ស្ថិតនៅដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានី ភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ តាមបញ្ញត្តិមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ។

តាមដីកាបង្គាប់ឱ្យឃុំខ្លួនសម្រេចៈ

១-ឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទឈ្មោះ យឿន សុឡា ហៅ K01 ភេទប្រុស កើតថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៨៥ ជនជាតិខ្មែរ ទៅមណ្ឌលអប់រំកែប្រែទី១ (ម១) ដោយអនុវត្តឱ្យ បានត្រឹមត្រូវតាមច្បាប់។

២-ឱ្យប្រធានមណ្ឌលអប់រំកែប្រែទី១ (ម១) ទទួល និងឃុំខ្លួនជននេះរហូតដល់មានបទ បញ្ជាថ្មីសម្រេច ផ្សេងពីនេះ។

   គួរបញ្ជាក់ថា លោក ឃឿន សុឡា ហៅ K០១ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឃាត់ខ្លួននៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីចូលខ្លួនទៅបំភ្លឺរឿងប្រើហិ.ង្សាដោយទះកំភ្លៀងនិងឲ្យយុវជនម្នាក់លុតជង្គង់ សុំទោសម្តាយ។ ករណីហិង្សានេះមានការបង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គម ដែលនាំឲ្យមានការរិះគន់ជាខ្លាំងពីអ្នកលេងបណ្តាញសង្គមចំពោះទង្វើហិ.ង្សារបស់បុគ្គល (K០១) ក្រោយពីសមត្ថកិច្ចបានសាកសួរបុគ្គល (K០១)  រួចរាល់ ដោយអនុវត្តតាម បទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បុគ្គល (K០១) ត្រូវបានឃាត់ខ្លួនដើម្បីអនុវត្តតាមនីតិវិធី។

ទោះបីលោក ឃឿន សុឡា ហៅ K០១ បានសុំទោសជាសារណៈនិងមានការស្នើរសុំពី ម្តាយយុវជនរងគ្រោះ ក៏ដូចមហាជនមួយចំនួន អោយមានការអនុគ្រោះ ក៍ច្បាប់ពុំលើក លែងឡើយចំពោះជនដែលប្រព្រឹត្តបទល្មើសនោះ៕ ដោយ​៖ម៉េង ធា





x Enlarged Image