ព័ត៌មានសិល្បៈកំសាន្តអន្តរជាតិពេលព្រឹកប្រចាំថ្ងៃ អ្នកដឹកនាំភាពយន្តខ្នាតធំរឿង អូ.ដឺ.ស៊ី (Odyssey) ចែករំលែកពីចំណុចសំខាន់ពីក្រោយការថតភាពយន្ត ក្រោមមូលហេតុនៃការឃ្លាតឆ្ងាយពីទូរស័ព្ទដៃ
អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់
Christopher
Nolan ដែលជាផលិតករ អ្នកដឹកនាំ
និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar… គឺមានភាពលេចធ្លោដោយសារភាពស្មុគស្មាញនៃលំដាប់សាច់រឿង
និងការប្រើប្រាស់ CGI តិចបំផុតតាមដែលអាចធ្វើទៅបាន
ហេតុនេះហើយទើបអ្នកគាំទ្រតែងតែឮព័ត៌មានពីកន្លែងថតភាពយន្តជានិច្ចថាលោកមានការរៀបចំធំដុំកម្រិតណា។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលដែរនោះគឺផលិតករដៃមាសរូបនេះគ្មានទូរសព្ទដៃផ្ទាល់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំមកហើយ
និងបានសរសេរស្គ្រីបភាពយន្តទាំងមូលដោយប្រើកុំព្យូទ័រដែលមិនបានតភ្ជាប់អ៊ីនធឺណិត។
លោកបាននិយាយលេងសើចថា
កូនៗរបស់លោកប្រហែលជាមើលឃើញឪពុករបស់ពួកគេជាក្រុមមនុស្សដែលប្រឆាំងនឹងគ្រឿងម៉ាស៊ីនក្នុងសម័យបដិវត្តន៍ឧស្សាហកម្មនៅអង់គ្លេស
ហើយធ្លាប់បានផ្តល់កិច្ចសម្ភាសន៍ដល់ The Hollywood Reporter អំពីមូលហេតុនៃរឿងនេះថា វាមិនមែនមកពីគាត់ជាមនុស្សប្រឆាំងនឹងបច្ចេកវិទ្យាទេ
គឺគាត់ថែមទាំងគិតថាបច្ចេកវិទ្យាគឺជាអ្វីដែលអស្ចារ្យទៀតផង
ប៉ុន្តែគាត់គ្រាន់តែជ្រើសរើសកាត់បន្ថយការរំខានសមាធិចេញពីជីវិតប្រចាំថ្ងៃឱ្យបានច្រើនបំផុតប៉ុណ្ណោះ។
ចុះចំណែករឿងការងារដែលមិនអាចគេចផុត
ដូចជាការណាត់ជួប និងការសម្របសម្រួលជាមួយតារាសម្តែង តើត្រូវធ្វើដូចម្តេច?
Matt Damon បានទម្លាយក្នុងអំឡុងពេលផ្សព្វផ្សាយភាពយន្ត
The
Odyssey ថា នៅពេលដែល Nolan
ត្រូវការទាក់ទងអ្នកសម្តែង
គាត់នឹងឱ្យ Emma Thomas ដែលជាភរិយា
និងជាផលិតករដៃគូដែលធ្វើការកំដរគាត់រហូតមកនោះ ផ្ញើសារខ្លីទៅសួរភាគីម្ខាងទៀតមុនថា
តើអាចទទួលទូរសព្ទដែរឬទេ។ បន្ទាប់មកលោក Nolan ផ្ទាល់នឹងខលទូរសព្ទត្រឡប់មកវិញពីលេខដែលគ្មាននរណាស្គាល់តាមរយៈខ្សែទូរសព្ទរបស់ស្ទូឌីយោ
Universal
។ ក្រុមការងារក្នុងកន្លែងថតរបស់ Nolan
ក៏បានបញ្ជាក់ផងដែរថា Nolan
មិនអនុញ្ញាតឱ្យប្រើប្រាស់ទូរសព្ទក្នុងពេលថតនោះទេ
ទោះបីជាវាពុំអាចធ្វើបានដាច់ខាត 100% ក៏ដោយ។
បំណងប្រាថ្នាចង់គេចឱ្យឆ្ងាយពីទូរសព្ទរបស់លោក និងបម្រាមនៅក្នុងកន្លែងថតសម្រាប់ក្រុមការងារ រួមទាំងតួសម្តែងផ្ទាល់ គឺដើម្បីកាត់បន្ថយអ្វីៗដែលចូលមករំខានសមាធិ ដើម្បីឱ្យអ្នកគ្រប់គ្នានៅបំពេញការងារយ៉ាងមានប្រសិទ្ធភាពពេញលេញ និងធានាថាអ្នកគ្រប់គ្នាបានត្រឡប់ទៅផ្ទះវិញតាមពេលវេលាដែលគួរតែទៅ។