លោកជំទាវប្រធានគណៈបញ្ជាការឯកភាពខេត្ត ដឹកនាំសមត្ថកិច្ចចម្រុះ ឆ្មក់ចូលបង្ក្រាបទីតាំងបទល្មើស (Online Scam) ធ្វើឱ្យផ្អើលជើងភ្នំ ឃាត់ខ្លួនជនបរទេសចំនួន៤៦នាក់

National • July 31, 2026
លោកជំទាវប្រធានគណៈបញ្ជាការឯកភាពខេត្ត ដឹកនាំសមត្ថកិច្ចចម្រុះ ឆ្មក់ចូលបង្ក្រាបទីតាំងបទល្មើស (Online Scam) ធ្វើឱ្យផ្អើលជើងភ្នំ ឃាត់ខ្លួនជនបរទេសចំនួន៤៦នាក់

ប៉ៃលិន ៖ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ថា មានជនបរទេសប្រុសស្រីជាច្រើននាក់ បាននាំគ្នាទៅស្នាក់នៅក្នុងផ្ទះ (រីស៊ត) តំបន់ដាច់ស្រយាល២កន្លែង ក្បែរជើងភ្នំ ទើបលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ឆ្មក់ចូលទៅឡោមព័ទ្ធទីតាំងចំនួន២កន្លែង គឺស្ថិតនៅក្នុងបរិវេណ(រីស៊ត) តំបន់ក្បែរជើងភ្នំភូមិទួលខៀវ សង្កាត់ប៉ៃលិន និងក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ខណៈដែលសង្ស័យថា ពួកគេទាំងនោះជាប់ពាក់ព័ន្ធទៅនឹងបទល្មើសបច្ចេកវិទ្យា (Online Scam)

ប្រភពព័ត៌មានបានឱ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចចម្រុះបានធ្វើការឡោមព័ទ្ធ និងចូលឆែកឆេរទីតាំអចំនួនពីរខាងលើរួចមក គេបានរកឃើញ និងឃាត់ខ្លួនជនបរទេសចំនួន៤៦នាក់ ក្នុងនោះមានស្រី ចំនួន៧នាក់ ដោយរឹបអូសបានសម្ភារៈដែលសង្ស័យលួចប្រព្រឹត្តបទល្មើសមួយចំនួនផងដែរ ។

ប្រភពបន្តទៀតថា ក្រោមគោលនយោបាយ និងឆន្ទៈដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់ លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងអនុវត្តច្បាប់ លើករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដោយឃាត់ខ្លួនឧក្រិដ្ឋជន និងអ្នកពាក់ព័ន្ធ បញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោស និងអនុវត្តនីតិវិធី ហើយក៏បានបណ្ដេញចេញទៅប្រទេសកំណើតវិញអស់ជាច្រើននាក់ ។

បើតាមលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈបញ្ជាការឯកភាពខេត្តបានមានប្រសាសន៍លើកឡើងថា គឺលោកជំទាវនៅតែបន្តធ្វើកិច្ចការងារនេះ ដូចភ្លៀងរលឹម ដោយមានជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការមិនលើកលែង និងថែមទាំងប្តេជ្ញាបង្ក្រាបឱ្យអស់ពីមូលដ្ឋាននូវរាល់បទល្មើសបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ (Online Scam) ស្របតាមគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព និងច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា ។ លោកជំទាវបានបន្តទៀតថា គ្រប់សកម្មភាពដែលមានការសង្ស័យណាមួយ នឹងបញ្ជាឱ្យសមត្ថកិច្ចចម្រុះ និងអាជ្ញាធរមូលដ្ឋានចុះត្រួតពិនិត្យ ស្រាវជ្រាវជា្រចាំ ។ ហើយលើសពីនេះ ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួនសាកសួររួច បើសិនជាមានជាប់ពាក់ព័ន្ធទៅនឹងករណីខាងលើនេះមែន ខាងច្បាប់នឹងកសាងសំនុំរឿងបញ្ជូនជនល្មើសទៅតុលាការ នឹងបណ្តេញចេញពីប្រទេសកម្ពុជាឱ្យអស់ ។ ហើយការចុះបង្ក្រាបទ្រង់ទ្រាយធំនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើល ដល់អ្នករស់នៅក្បែរជើងភ្នំ ៕ ដោយ ៖ នីយ៉ា

 





 

x Enlarged Image