សមត្ថកិច្ចចម្រុះខេត្តស្វាយរៀង បង្ក្រាបទីតាំងសង្ស័យ Online Scams ៤កន្លែង ឃាត់ខ្លួនជនបរទេស ១២នាក់ នៅក្រុងបាវិត

July 09, 2026
សមត្ថកិច្ចចម្រុះខេត្តស្វាយរៀង បង្ក្រាបទីតាំងសង្ស័យ Online Scams ៤កន្លែង ឃាត់ខ្លួនជនបរទេស ១២នាក់ នៅក្រុងបាវិត

ស្វាយរៀង៖ក្រោមការចង្អុលបង្ហាញពីឯ.ឧ ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង,

នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត ចុះត្រួតពិនិត្យរដ្ឋបាលចំហរ និងបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងបុរី CK ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ដោយបានបង្ក្រាបទីតាំងសង្ស័យចំនួន ៤កន្លែង ក្នុងនោះ ឃាត់ខ្លួនជនបរទេសសរុប ១២នាក់។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ពីឯ.ឧ ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដោយមានការចូលរួមពីលោកព្រះរាជអាជ្ញារង, លោកអភិបាលក្រុងបាវិត, លោកស្នងការរង, លោកប្រធានមន្ទីរព័ត៌មាន , លោកអភិបាលរងក្រុង, អធិការនគរបាលក្រុង, មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ព្រមទាំងក្រុមការងាររបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងអាជ្ញាធរពាក់ព័ន្ធ។

ជាលទ្ធផល កម្លាំងសមត្ថកិច្ច បានបង្ក្រាបទីតាំងសង្ស័យចំនួន ៤កន្លែង ក្នុងនោះឃាត់ខ្លួនជនបរទេសសរុប ១២នាក់ (ស្រី ០៤នាក់) ដែលមាន ២សញ្ជាតិ រួមមាន៖ជនជាតិចិន ០២នាក់ និងជនជាតិវៀតណាម ១០នាក់។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងជាឧបករណ៍បច្ចេកវិទ្យាជាច្រើនគ្រឿង រួមមាន៖កុំព្យូទ័រ All-in-One, កុំព្យូទ័រយួរដៃ, ទូរស័ព្ទដៃចម្រុះ, លិខិតឆ្លងដែន, រថយន្តម៉ាក Mercedes Benz C300 ចំនួន ១គ្រឿង និងប្រាក់ដុល្លារអាមេរិកមួយចំនួន។

ចំពោះជនបរទេសទាំង ១២នាក់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីសាកសួរ និងអនុវត្តនីតិវិធីច្បាប់បន្ត ខណៈទីតាំងទាំង ៤កន្លែងខាងលើ ត្រូវបានអាជ្ញាធរសម្រេចបិទជាបណ្តោះអាសន្ន។ ក្រៅពីនេះ សមត្ថកិច្ចបានចុះត្រួតពិនិត្យរដ្ឋបាលចំហរនៅទីតាំងមួយកន្លែងទៀត ដែលរកឃើញជនបរទេសម្នាក់មានលិខិតឆ្លង ដែន និងទិដ្ឋាការត្រឹមត្រូវ។

គួរបញ្ជាក់ផងដែរថា ប្រតិបត្តិការនេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋបាលខេត្តស្វាយរៀង ក្នុងការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសបច្ចេកវិទ្យា ដែលបង្កផលប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម និងកិត្តិយសរបស់ប្រទេសជាតិ៕