មុខសញ្ញាលួចកាត់ខ្សែភ្លើងសូឡាSolar ត្រូវបានសមត្ថកិច្ចស្រាវជ្រាវបង្រ្កាបបាននៅស្រុករតនមណ្ឌល

National • July 27, 2026
មុខសញ្ញាលួចកាត់ខ្សែភ្លើងសូឡាSolar ត្រូវបានសមត្ថកិច្ចស្រាវជ្រាវបង្រ្កាបបាននៅស្រុករតនមណ្ឌល

 

បាត់ដំបង៖ ស្របតាមអនុសាស​ន៍ដ៏ខ្ពង់ខ្ពស់របស់ឯ.ឧ​ នាយឧត្តមសេនីយ៍​ ស​ ថេត​ អគ្គស្នងការនគរបាលជាតិ​ និងតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនី​យ៍ទោ​ ដាញ់​ អេង​ប៊ុនចាន់​ ស្នងការនៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បង​ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០​២៦ លោកវរៈសេនីយ៍ទោ​ ផាន់​ ឡុង​ អធិការ​នគរបាលស្រុករតនមណ្ឌលស្តីទី​ ដឹកនាំកម្លាំងផ្នែកជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ​ ចុះស្រាវជ្រាវនិង​បង្រ្កាបករណីលួចកាត់យកខ្សែភ្លើ​ង​សូឡា Solar មួយកន្លែងស្ថិតនៅចំ​ណុ​ច​រោងចក្របាត់ដំបងខនស៍​ស៊ីមេន​ ស្ថិតក្នុងភូមិដូនមាយ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង​។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើង បន្ទាប់ពី​ទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ ជា​ដើមបណ្ដឹងឈ្មោះ ជួប ស៊ីម ភេទ ប្រុស អាយុ​ ៣៤ឆ្នាំ​ រស់នៅភូមិរំជៃ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំ​បង (ជាតំណាងបុគ្គលិកក្រុម​ហ៊ុនបាត់ដំ​បងខនស៍​ស៊ីមេន) ពីករណីខាងលើ ដែលជនសង័្សយត្រូវបានឃាត់ខ្លួនឈ្មោះ ព្រឿម វិត ភេទប្រុស អាយុ៣៦ឆ្នាំ ទីលំ​នៅ​ បច្ចុប្បន្នភូមិព្រៃអំពរ ឃុំអណ្ដើ​ក​ហែប ស្រុករតនមណ្ឌល ខេត្តបា​ត់​ដំ​បង ជាមួយវត្ថុតាងដកហូតរួមមាន៖ ,ខ្សែភ្លើងសូឡាចំនួន ៧,​០​៦០ម៉ែត្រ ,ពិល០១ ,រណាអាដែក០១ ,កាំបិតខ្វែវ០១ និងការ៉ុង០៣។

ក្រោយពីឃាត់ខ្លួន និងសមត្ថកិច្ច បានសាកសួរ, ជនស​ង្ស័យខាងលើបានឆ្លើយសារភាពថាខ្លួនគេពិតជាបានធ្វើសកម្ម​ភាពចូលលួចកាត់ខ្សែ​ភ្លើងសូឡាក្នុងរោងចក្របាត់ដំបង​ខន៍ស៊ីមេន​បានចំនួន០៣លើក ចាប់​ពីថ្ងៃទី​២២ ខែកក្កដា ឆ្នាំ២​០​២៦ រហូតមកពិតប្រាកដមែន ហើយ បច្ចុប្បន្នជនសង្ស័យកំពុងបន្តការ​រៀ​បចំសំណុំរឿងបញ្ជូនមកផែនជំនាញអនុវត្តតាមនីតិវិធី​ច្បាប់​ រីឯខ្សែភ្លើងត្រូវបានប្រគល់ជូនជនរងគ្រោះវិញផងដែរ៕ រៀម សាលី






x Enlarged Image