ធនាគារជាតិនៃកម្ពុជា សម្រេចដកហូតអាជ្ញាបណ្ណ និងដាក់ឱ្យជម្រះបញ្ជីលើធនាគារចំនួន ៣ បន្ថែមទៀត
(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា
បានសម្រេចដកហូតអាជ្ញាបណ្ណ និងដាក់ឱ្យជម្រះបញ្ជីគ្រឹះស្ថានធនាគារចំនួន ៣ រួមមាន
ធនាគារ ស៊ីស៊ីយូ ខមមើសល ប៊ែង ម.ក, ធនាគារ ហេង ហ្នឹង (ខេមបូឌា)
ម.ក និង ធនាគារ អេចអេច (ខេមបូឌា) ម.ក
ដែលការសម្រេចនេះធ្វើឡើងដោយផ្អែកលើអនុលោមភាពដែលបានកំណត់ក្នុងច្បាប់
និងបទប្បញ្ញត្តិជាធរមាន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៅថ្ងៃទី៣
ខែសីហា ឆ្នាំ២០២៦នេះ។
ដើម្បីអនុវត្តនីតិវិធីជម្រះបញ្ជីនេះ
ធនាគារជាតិនៃកម្ពុជាបានតែងតាំងក្រុមហ៊ុនចំនួនពីរជាអ្នកជម្រះបញ្ជី។
ក្រុមហ៊ុន
រីចន៍ &
ផាតនើរ(& = អានថា អែន) ត្រូវបានតែងតាំងជាអ្នកជម្រះបញ្ជីសម្រាប់ធនាគារ ស៊ីស៊ីយូ
ខមមើសល ប៊ែង ម.ក។ រីឯក្រុមហ៊ុន បេកឃើរ ធីលលី(ខេមបូឌា)ឯ.ក
ត្រូវបានតែងតាំងជាអ្នកជម្រះបញ្ជីសម្រាប់ធនាគារ ហេង ហ្នឹង (ខេមបូឌា) ម.ក និង ធនាគារ
អេចអេច (ខេមបូឌា) ម.ក។ ក្រុមហ៊ុនទាំងពីរនេះ នឹងបន្តនីតិវិធីជម្រះបញ្ជីតាមច្បាប់
និងបទប្បញ្ញត្តិជាធរមានចាប់ពីថ្ងៃតែងតាំងតទៅ។
ចំពោះអតិថិជនដែលមានប្រាក់បញ្ញើនៅធនាគារទាំងបីនេះ
ត្រូវរៀបចំឯកសារដើម្បីស្នើសុំដកប្រាក់បញ្ញើ ដែលនឹងត្រូវបានចាត់ចែងទូទាត់
ជូនតាមលំដាប់អាទិភាពដូចកំណត់ដោយច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
ចំណែកឯអ្នកខ្ចីប្រាក់ពីធនាគារទាំងបីនេះវិញ
គឺត្រូវបន្តបំពេញកាតព្វកិច្ចដែលមានជាប្រក្រតី៕