ក្រសួងព័ត៌មាន កោះហៅក្រុមអ្នកផលិតមាតិកាចំនួន ២ ក្រុម គឺ «ក្រុមនាយក្រឹប» និង «ក្រុមគ្រូតឿ»មកអប់រំ ណែនាំ និងព្រមានជាផ្លូវការ

National • August 05, 2026
ក្រសួងព័ត៌មាន កោះហៅក្រុមអ្នកផលិតមាតិកាចំនួន ២ ក្រុម គឺ «ក្រុមនាយក្រឹប» និង «ក្រុមគ្រូតឿ»មកអប់រំ ណែនាំ និងព្រមានជាផ្លូវការ

 

ភ្នំពេញ៖ ក្រុមអ្នកផលិតមាតិកាចំនួន ២ ក្រុម គឺ «ក្រុមនាយក្រឹប» និង «ក្រុមគ្រូតឿ» ត្រូវបានក្រសួងព័ត៌មានកោះហៅមកធ្វើការណែនាំនិងព្រមានជាផ្លូវការ  ដែលបានផលិត និងផ្សព្វផ្សាយមាតិកាមិនសមរម្យ បំពានលើក្រមសីលធម៌ សីលធម៌សង្គម សេចក្តីថ្លៃថ្នូរ របស់ស្ត្រី និងមានខ្លឹមសាររើសអើងចំពោះអ្នកជំងឺ ព្រមទាំងការបំពានផ្សេងៗ និងបានធ្វើ កិច្ចសន្យាថា នឹងលុបបំបាត់ខ្លឹមសារមិនសមរម្យ និង មិនប្រព្រឹត្តកំហុសដដែលនេះ ជាថ្មីទៀត ឡើយ។

  លោកនេត្រ ភក្រ្តារដ្ឋមន្ត្រីក្រសួងព័ត៌មានបានឲ្យដឹងថា ក្រុមអ្នកផលិតមាតិកា ចំនួន ២ ក្រុម គឺ «ក្រុមនាយក្រឹប» និង «ក្រុមគ្រូតឿ»ត្រូវបានក្រសួងព័ត៌មានកោះហៅមកអប់រំ ណែនាំ និងព្រមានជាផ្លូវការ កាលពីថ្ងៃទី៣ និងទី៤ ខែសីហា ឆ្នាំ២០២៦នេះ។

 តំណាងក្រុមអ្នកផលិតមាតិកាទាំងពីរ បានទទួលស្គាល់កំហុស សុំអភ័យទោសចំពោះ សាធារណជន និងបានធ្វើកិច្ចសន្យាថា នឹងលុបបំបាត់ខ្លឹមសារមិនសមរម្យ និងមិនប្រព្រឹត្ត កំហុសដដែលនេះជាថ្មីទៀតឡើយ។

ក្រសួងព័ត៌មាននឹងបន្តតាមដានសកម្មភាពរបស់ក្រុមអ្នកផលិតមាតិកាទាំងពីរនេះ រួមនិង ក្រុមផ្សេងៗយ៉ាងយកចិត្តទុកដាក់បំផុត។ ក្នុងករណីមានការបំពានកើតឡើងជាថ្មី ក្រសួង នឹងចាត់វិធានការសមស្របទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដោយមិន មានការលើកលែងឡើយ។

ក្រសួងព័ត៌មានសូមអំពាវនាវដល់សាធារណជន អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នក ពាក់ព័ន្ធទាំងអស់ បន្តចូលរួមតាមដាន និងរាយការណ៍អំពីមាតិកាដែលបំពានច្បាប់ ក្រមសីលធម៌ សេចក្តីថ្លៃថ្នូររបស់បុគ្គលនិងតម្លៃសង្គម ដើម្បីរួមគ្នាកសាងបរិយាកាស ព័ត៌មានប្រកបដោយការទទួលខុសត្រូវ សីលធម៌ និងសុវត្ថិភាពសម្រាប់សង្គមទាំងមូល ។

ទន្ទឹមនិងនេះ ក្រសួងព័ត៌មានក៏សូមអំពាវនាវដល់អ្នកផលិតមាតិកាគ្រប់ប្រភេទ អ្នកបង្កើតមាតិកាឌីជីថល អ្នកមានឥទ្ធិពលលើបណ្ដាញសង្គម (Content Creators/ Influencers) និងអ្នកពាក់ព័ន្ធទាំងអស់ សូមប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ គោរពច្បាប់ គោរពសេចក្តីថ្លៃថ្នូរ សិទ្ធិ និងតម្លៃរបស់បុគ្គល ព្រមទាំងចៀសវាង ការផលិត ឬផ្សព្វផ្សាយមាតិកាដែលមានលក្ខណៈរើសអើង បង្កការស្អប់ខ្ពើម បន្ទាបបន្ថោក ប្រមាថ ឬរំលោភបំពានលើកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល ឬក្រុមណាមួយ ជាពិសេស ស្ត្រី កុមារ ជនមានពិការភាព អ្នកជំងឺ និងក្រុមងាយរងគ្រោះផ្សេងៗ។ ការផលិតមាតិកាប្រកបដោយការទទួលខុសត្រូវ សីលធម៌ និងការគោរពតម្លៃមនុស្ស គឺជា មូលដ្ឋានដ៏សំខាន់ក្នុងការកសាងបរិយាកាសព័ត៌មានដែលមានគុណភាព និងសង្គម ឌីជីថល ប្រកបដោយសុវត្ថិភាព និងអរិយធម៌៕ម៉េង ធា






x Enlarged Image