រថយន្តកុងតឺន័រ បួងចង្កូតបត់ជ្រុលទៅបុកពីក្រោយម៉ូតូ រួចកិនពីលើស្ត្រីម្នាក់ បណ្ដាលឱ្យ ស្លាប់យ៉ាងអាណោចអាធម្ម

National • August 06, 2026
រថយន្តកុងតឺន័រ បួងចង្កូតបត់ជ្រុលទៅបុកពីក្រោយម៉ូតូ រួចកិនពីលើស្ត្រីម្នាក់ បណ្ដាលឱ្យ ស្លាប់យ៉ាងអាណោចអាធម្ម

 

ភ្នំពេញ៖ស្ត្រីជាកម្មកររោងចក្រម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពេលចេញពីធ្វើការជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ត្រូវរថយន្តកុងតឺន័រមួយគ្រឿង បើកមកបុកពីក្រោយ  រួចកិនពីលើស្រ្តីរងគ្រោះជាប់ក្រោមរថយន្ត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៨:៣០នាទីយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ ចំណុចស្តុបទួលពង្រ ស្ថិតនៅតាមបណ្តោយផ្លូវ វេងស្រេង កែងផ្លូវ ៣០ម៉ែត្រ ក្នុងសង្កាត់ ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ។

តាមការបញ្ជាក់ពីកន្លែងកើតហេតុ​ បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញនារីរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាក់លេខបាត់ដំបង 1AE-9653 ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេងទិសដៅពីលិចទៅកើត។ ខណៈពេលជិះមកដល់ត្រង់ចំណុចកើតហេតុស្តុបទួលពង្រ ស្រាប់តែគេឃើញមានរថយន្ដកុងតឺន័រ ពាក់ ផ្លាក់លេខ ភ្នំពេញ 3A-6391 បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយស្របទិសគ្នាពីលិចទៅកើត ក៏ជ្រុលទៅបុកម៉ូតូពីក្រោយ បណ្តាលឲ្យដួល រួចកិនពីលើស្រ្តីរងគ្រោះ

បណ្តាលឲ្យស្លាប់ភ្លាមៗ ចំណែកតៃកុងរថយន្ត ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយនគរបាលជំនាញចរាចរណ៍ ចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្តោះអាសន្ន រង់ចាំដោះស្រាយនៅពេលក្រោយ ។ ចំណែកសព បានធ្វើលិខិតប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ​៖សាមេត






x Enlarged Image