រថយន្តសាមុយប្រញាប់ដឹកអ្នកជំងឺទៅសង្រ្គោះ បើកវ៉ាជែង ជ្រុលទៅបុកម៉ូតូបណ្តាលឲ្យ បុរសម្នាក់ បានស្លាប់ភ្លាមៗ
ភ្នំពេញ៖
បុរសម្នាក់ បានស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗ ក្រោយមានរថយន្តសាមុយ របស់មន្ទីរសម្រាកព្យាបាលនិងសម្ភព
«អង្គររាជ្យ» បើកលឿនប្រញាប់ដឹកអ្នកជំងឺទៅ សង្រ្គោះ ក៏ឡើងវ៉ាជែងជ្រុលទៅបុកម៉ូតូបើកទិសដៅបញ្រ្ចាសគ្នាចំពីមុខពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ
បានកើតឡើងកាលពីវេលាម៉ោង០៩:៣០ នាទីយប់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១
សង្កាត់ ក្បាលកោះ ខណ្ឌ ច្បារអំពៅ រាជធានី ភ្នំពេញ ។
តាមការបញ្ជាក់ពីកន្លែងកើតហេតុ
បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម៉ាក ហុងដាឌ្រីមសង់ ពណ៌ខ្មៅ
ពាក់ផ្លាកលេខបាត់ដំបង 1M-8004 ជិះម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើត។
លុះពេលជិះមកដល់ចំណុចកើតហេតុខាងលើ
ស្រាប់តែគេឃើញមានរថយន្ដសាម៉ុយ របស់មន្ទីរសម្រាកព្យាបាលនិងសម្ភព «អង្គររាជ្យ»
មួយគ្រឿងពាក់ផ្លាកលេខព្រៃវែង 2C-7707 បើកចេញពីខេត្តឆ្ពោះមកភ្នំពេញ ប្រញាប់ដឹកអ្នកជំងឺទៅសង្រ្គោះក៏បើកវ៉ាជែង
លឿន ជ្រុលទៅបុកចំពីមុខម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង ប៉ើងទៅមុខជាច្រើនម៉ែត្របណ្ដាលឱ្យបុរសជាម្ចាស់ម៉ូតូស្លាប់ភ្លាមៗ
ចំណែកឯរថយន្តសាមុយ រងការខូចខាតយ៉ាងធ្ងន់ធ្ងរនិងទាក់ទងទៅរថយន្តសង្គ្រោះមួយគ្រឿងទៀត មកសាងដឹកអ្នកជំងឺទៅបន្ត។
ក្រោយពេលកើតហេតុ
សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែង
យកម៉ូតូ និង រថយន្ដសាម៉ុយ ទៅរក្សាទុករង់ចាំការ ដោះស្រាយ នៅពេលក្រោយ ។ ចំណែកឯសពជនរងគ្រោះ
សមត្ថកិច្ច ធ្វើលិខិតប្រគល់ ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖សាមេត