កម្មការិនីកាត់ដេរសម្លៀកបំពាក់«ស៊ីន កៃ សេន ហ្គាម៉ិន ឯ. ក » ដួលសន្លប់ជាបន្តបន្ទាប់ ប្រមាណ១០នាក់
ភ្នំពេញ៖កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់«ស៊ីន កៃ
សេន ហ្គាម៉ិន ឯ.ក » ខណៈ ពេលកំពុងធ្វើការសុខៗ
ស្រាប់តែមានអារៈមិនស្រាលខ្លួន រួចក៏បានដួលសន្លប់ជាបន្ត បន្ទាប់ ប្រមាណ១០នាក់
និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះ ។
ហេតុការណ៍នេះ
បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦
នៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់«ស៊ីន កៃ សេន ហ្គាម៉ិន ឯ. ក »
នៅក្នុង ដីឡូត៌ច័ន្ទ សុវណ្ណ ក្នុង ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល
រាជធានីភ្នំពេញ ។ បន្ទាប់ពីដួលសន្លប់និងជ្រួលច្របល់ អាជ្ញាធរនិងតំណាងរោងចក្រ បានសង្ស័យថា
មានព្រលឹងអ្នកតាថែរក្សារោងចក្រនោះ ចូលសណ្ឋិតក្នុងខ្លួនកម្មការិនី ក៏បានទិញផ្លែឈើ
ម្លូស្លា ទៀនធូប យកទៅដាក់សែន ព្រមទាំងបាននិមន្តព្រះសង្ឃ និងអញ្ជើញលោកតាអារ្យឲ្យទៅធ្វើកិច្ចពិធីប្រោះព្រំ
ដើម្បីសុំសេចក្ដីសុខដល់កម្មករ និយោជិតទាំអស់ផងដែរ។
តាមអាជ្ញាធរ បានឱ្យដឹងថានៅវេលាព្រឹកថ្ងៃកើតហេតុ
ពេលកំពុងធ្វើការសុខៗ
ស្រាប់តែមានកម្មការិនីចំនួនជិត១០នាក់បានដួលសន្លប់ជាបន្តបន្ទាប់ ដោយពុំដឹងមូលហេតុ
ធ្វើឲ្យមានការជ្រួលច្របល់ពេញក្នុងអគាររោងចក្រ និងបាននាំគ្នារត់ចេញក្រៅអគាររោង
ចក្រទាំងការភិតភ័យ ។ កម្មការីនី ដែលដួលសន្លប់សុទ្ធតែមានអាការៈតឹងណែនទ្រូង ងងឹតមុខ
ល្ហិតល្ហៃ ទន់ដៃជើង ។
តាមព័ត៌មានឲ្យដឹងទៀតថា មុនដំបូង មានកម្មករម្នាក់ខ្សោយ បានដួលសន្លប់ក៏មានការ ឆោរឡោ ហើយ កម្មករផ្សេងទៀតក៏បានដួលសន្លប់ជាបន្តបន្ទាប់តាម។ គេពុំដឹងថាការដួលសន្លប់នេះ បណ្ដាលមកពីមូលហេតុអ្វីពិតប្រាកដ ខាងរោងចក្រ គេមានការសង្ស័យថាមកពីអ្នកតាចូល។ ចំណែកគ្រូពេទ្យ អះអាងថាដោយសារកម្មាការីនី ខ្សោយ ហូបចុកមិនគ្រប់គ្រាន់ បណ្ដាលឲ្យដួលសន្លប់ហើយកម្មករផ្សេងទៀត ក៏ភ័យនិងខ្សោយដែរនោះ ក៏បានដួលសន្លប់ជាបន្តបន្ទាប់តាម។ ពុំមានកម្មការិនីណាម្នាក់ បានរងគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។ បន្ទាប់ពីចូលមន្ទីរពេទ្យ ក្រោយមកបានធូរស្បើយឡើងវិញ៕ ម៉េង ធា